
សម្តេចធិបតីអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
(ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់។
សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែនក្នុងភូមិសាស្ត្រស្រុកជាំក្សាន្តមកកាន់មណ្ឌលសុវត្ថិភាពនេះ។
នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់ជាស្ថាពរជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត»។