
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ
នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុបានអមដំណើរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានអញ្ជើញជួបសំណេះសំណាលព្រមទាំងសាកសួរសុខទុក្ខជាមួយអតីតយុទ្ធជន និងនិវត្តជន នៅក្រុងព្រះសីហនុសរុបចំនួន១២០នាក់។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុទាំងអស់។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជាក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជននៅទូទាំងប្រទេសដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។
ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនសមាជិកសមាគមអតីតយុទ្ធជនទាំង១២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ ១យួរ, និងថវិកា ៥ម៉ឺនរៀល៕