
ល្បែងស៊ីសងមាន់ជល់អនឡាញបង្កប់នៅក្នុងហាងកាហ្វេខាងលិចផ្សារត្រែងត្រយឹងកំពុងដំណើរការជាចំហយ៉ាងគគ្រឹកគគ្រេង
(ខេត្តកំពង់ស្ពឺ)៖ តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋបានប្រាប់មកថា ម្ចាស់ទីតាំងបនល្បែងសុីសងមាន់ជល់តាមប្រពន្ធ័អនឡាញច្រើនកន្លែង ស្ថិតនៅលើផ្លូវក្រាលកៅស៊ូឡើងទៅឧទ្យានជាតិគិរីរម្យ ខាងលិចផ្សារត្រែងត្រយឹងប្រហែលជា២០០ម៉ែត្រ នៅបង្កប់ក្នុងហាងលក់កាហ្វេស្ថិតនៅក្នុងផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានខ្នងបង្អែករឹងមាំហើយបានជាមានឥទ្ធិពលទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តបើកល្បែងសុីសងមាន់ជល់អនឡាញមិនខ្លាចញញើតច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងនេះកំពុងបើកដំណើរការលេងនៅភូមិសាស្រ្តខាងលើនេះ គេសង្កេតឃើញថា កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ រាល់យប់តែម្តង គេមិនដែលឃើញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើការចុះបង្ក្រាប ឬទប់ស្កាត់ទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងភូមិផ្សារត្រែងត្រឹង ឃុំត្រែងត្រយឹង និងក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានរិះគន់ចំៗថា បើគ្មានការបើកភ្លើងខៀវឬក៏មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានខ្នងបង្អែករឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ម្ចាស់ទីតាំងខាងលើមិនអាចសាងភាពល្បីល្បាញបើកល្បែងសុីសងមាន់ជល់តាមប្រពន្ធ័អនឡាញនៅលើទឹកដី ឃុំត្រែងត្រយឹង ឃុំយាយម៉ៅពេជ្រនិលនៃស្រុកភ្នំស្រួចបានឡើយ។
តាមប្រភពព័ត៌មានដដែលបានបន្ថែមថា ល្បែងសុីសងខុសច្បាប់នេះហើយ ដែលជាដើមចមធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង ប្រពន្ធឈ្លោះប្រកែកជាមួយប្ដីបង្កើតឱ្យមានអំពើហិង្សា រឿងចាញ់ល្បែងលក់ទ្រព្យសម្បត្តិនានា។ ម្យ៉ាងទៀតពួកគាត់បារម្ភភ័យខ្លាចកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សាក្នុងគ្រួសារជាដើម។ បនល្បែងស៊ីសងមាន់ជល់អនឡាញនេះនៅក្បែរផ្សារត្រែងត្រយឹងមិនក្រោម៥-៦កន្លែងនោះទេ។
ជុំវិញបញ្ហាបនល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញម្ចាស់កំពុងតែបើកដំណើរការយ៉ាងរលូនរាល់ថ្ងៃខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់លោកអធិការនគរបាលស្រុកភ្នំស្រួច និងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមជួយចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់ និងបង្រ្កាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងស្ថិតនៅក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និងក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផងដើម្បីឱ្យស្របទៅតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានកំណត់ និងដាក់ចេញឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកន្លងមកនោះ៕