
ឈ្លោះគ្នាញឹកញយកើតជាគំនុំ ទាញកាំបិតផ្គាក់កាប់យាយតា២នាក់ស្លាប់យ៉ាងអណោចអធ័ម
(ព្រៃវែង)៖ លោកយាយ លោកតា២នាក់ប្ដីប្រពន្ធត្រូវបានបុរសម្នាក់ដែលជាអ្នកជិតខាងចូលទៅកាប់ដល់ក្នុងផ្ទះយ៉ាងសាហាវព្រៃផ្សៃដោយសារតែរឿងគំនុំឈ្លោះគ្នាញឹកញយដងពេក។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ០២:៣០ នាទីរសៀល ថ្ងៃទី៦ ឧសភានៅផ្ទះជនរងគ្រោះដែលស្ថិតក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១ ឈ្មោះជេម យុទ្ធ ភេទប្រុស អាយុ ៨៣ឆ្នាំ ត្រូវជាប្ដី ស្លាប់នៅហ្នឹងកន្លែង និងទី២ ឈ្មោះ ទេស ផល ភេទស្រី អាយុ ៧៦ឆ្នាំត្រូវជាប្រពន្ធបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យមានឈ្មោះ ប៊ីន សុធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានផ្ទះនៅជាប់នឹងផ្ទះជនរងគ្រោះតែម្ដង។
សមត្ថកិច្ចបានឱ្យដឹងថា តាមការសាកសួរនៅជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ជនល្មើស និងជនរងគ្រោះជាអ្នកជិតខាងគ្នាហើយធ្លាប់ឈ្លោះគ្នាច្រើនដងមកហើយប៉ុន្តែមិនដែលឈានដល់ការប្រើប្រាស់អំពើហិង្សានោះទេ។
ប្រភពដដែលនេះបានបន្តថា មុនពេលកើតហេតុតាយាយ២នាក់ប្ដីប្រពន្ធ កំពុងនៅក្នុងផ្ទះសុខៗមិនបានឈ្លោះប្រកែកអ្វីជាមួយជនបង្កនោះទេប៉ុន្តែមិនដឹងយ៉ាងម៉េច សុខៗស្រាប់តែជនបង្កទាញកាំបិតផ្គាក់ពីផ្ទះរបស់ខ្លួនចូលទៅកាប់សន្ធាប់លើយាយតានៅក្នុងផ្ទះបណ្ដាលឱ្យត្រូវលោកតា១កាំបិតចំកញ្ចឹងកប្រកាច់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងចំណែកលោកយាយត្រូវជនបង្កកាប់១កាំបិតចំកណ្ដាលក្បាលដួលប្រកាច់ទៅលើដីភ្លាមៗនោះអ្នកស្រុកជិតខាងបានឃើញហេតុការណ៍ក៏ស្រែកឆោឡោឡើងធ្វើឱ្យជនបង្កភ័យក៏រត់គេចខ្លួនប៉ុន្តែភ្លាមៗនោះលោកមេភូមិបានទូរសព្ទ័ប្តឹងទៅកម្លាំងនគរបាលស្រុក ចេញអន្តរាគមន៍ស្ទាក់ចាប់ជនបង្កបានភ្លាមៗនៅតាមដងផ្លូវហើយក៏បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពាមរក៍តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗលោកយាយរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកយាយក៏បានស្លាប់បាត់បង់ជីវិតទើបត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ ប្រគល់ឱ្យសាច់ញាតិរៀបចំធ្វើបុណ្យទាំង២នាក់យាយតាដោយឡែកជនបង្ក សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។