កាលពីមួយឆ្នាំមុនរថយន្តបោលបុកម្តងហើយឥឡូវនេះត្រូវបានរថយន្តបោលបុកម្តងទៀត

(ព្រៃវែង)៖ រថយន្តយីឌុបដឹកស្រូវមួយគ្រឿងបានបោលបុកចូលផ្ទះវីងវេរលុយយីហោ ពៅ សុខជា នៅកែងផ្សារកំពង់សឹង្ហ បង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ទាំងព្រឹកតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៦ ខែមីនា នៅលើកំណត់ផ្លូវជាតិលេខមួយត្រង់ចំណុចកែងផ្សារកំពង់សឹង្ហដែលស្ថិតក្នុងឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ រថយន្តបង្កជាប្រភេទរថយន្តយីឌុបភ្លៅ 5 ពាក់ស្លាកលេខ កំពង់ធំ 3A 1086 ធ្វើដំណើរក្នុងទិសដៅពីរលិចទៅកើតគោលដៅដឹកស្រូវយកទៅលក់នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កធ្វើដំណើរមកពីទិសខាងលិចឆ្ពោះទៅកើតដោយនៅខាងមុខរថយន្ត មានរថយន្តតូចមួយគ្រឿងទៀតប៉ុន្តែពេលមកដល់កន្លែងកើតហើយរថយន្តតូចដែលនៅខាងមុខបានស៊ីញ៉ូឈប់ចតនៅខាងស្ដាំដៃទើបរថយន្តយីឌុបដែលនៅខាងក្រោយបានបួងចង្កូតចេញក្បាលមកខាងឆ្វេងដើម្បីជៀសរថយន្តតូចនោះប៉ុន្តែពេលពួងចង្កូតផុតហើយបើជារថយន្តមិនអាចគ្រប់គ្រងបានហើយបានជ្រុលបុកចូលចំផ្ទះវីងដែលនៅកែងចិញ្ចើមផ្លូវធ្វើឱ្យមនុស្សចំនួន 3នាក់ដែលកំពុងអង្គុយនៅក្នុងផ្ទះផ្អើលស្ទុះរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់នេះកើតឡើងគឺសង្ស័យមកពីរថយន្តដាច់ហ្វ្រាំងហើយភ្លាមៗទំនងជាអ្នកបើកបរភ័យស្លន់ស្លោពេកមិនអាចគ្រប់គ្រងរថយន្តបានទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះវីងយីហោ ពៅ សុខជា នេះកាលពីឆ្នាំទៅ ធ្លាប់ត្រូវបានរថយន្តមួយគ្រឿងបោលបុកចូលម្ដងរួចមកហើយដោយកាលនោះមិនបានបណ្ដាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេហើយនៅលើកទីពីរនេះក៏ពុំបានបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់ដែរដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះប៉ុណ្ណោះ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare