
អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់ដកហូតយកសម្ភារៈមួយចំនួន ម្ចាស់យករថយន្តឃាំងផ្លូវ និងទារឱ្យសងថ្លៃខាតកម្លាំងកម្មករជាង១លានរៀល
(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរខណ្ឌកំបូលបានចុះទៅឃាត់ការសាងសង់សំណង់អគាររោងចក្រមួយកន្លែងព្រមទាំងបានដកហូតយកសម្ភារៈសំណង់មួយចំនួនផងដែរដោយអះអាងថាសំណង់ខាងលើគ្មានច្បាប់ហើយចុះទៅផ្អាក និងណែនាំឱ្យសុំច្បាប់ជាមុនសិនប៉ុន្តែ២ដងហើយម្ចាស់មិនព្រមស្ដាប់នៅតែបន្តសាងសង់ទាំងគ្មានច្បាប់ទៀតទើបពេលនេះអនុវត្តន៍វិធានការរដ្ឋបាលហើយក៏ត្រូវម្ចាស់យករថយន្តឃាំងផ្លូវមិនឱ្យអាជ្ញាធរចេញពីទីតាំងរបស់ខ្លួនឡើយ។
ចំណែកម្ចាស់វិញបានអះអាងថា គាត់មានច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ទើបហ៊ានធ្វើការសាងសង់ប៉ុន្តែអាជ្ញាធរចេះតែទៅហាមឃាត់មិនឱ្យគាត់សាងសង់ម្ដងហើយម្ដងទៀត។ ទោះជាគាត់បង្ហាញច្បាប់ក៏មិនព្រមដែរ និងបានដកហូតយកសម្ភារៈគាត់ទៀតទើបគាត់ឈប់រថយន្តឃាំងផ្លូវមិនឱ្យអាជ្ញាធរចេញពីទីតាំងគាត់ដើម្បីឱ្យអាជ្ញាធរចេញសងប្រាក់ជាង១លានរៀលដែលកម្មករខកខានមិនបានធ្វើការកន្លះថ្ងៃថែមទៀតផង ។