
អបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)
(ព្រៃវែង)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការនិមន្តអញ្ជើញចូលរួមប្រមាណ ២០៥៦អង្គ/រូប។
ឯកឧត្ដម សួន សុម៉ាលីន មានប្រសាសន៍ថា ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នាហើយក៏ជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណដល់ការតស៊ូរបស់យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្នជាពិសេសបានឱ្យគេស្គាល់កម្ពុជាមិនត្រឹមតែជាវាលពិឃាតមកស្គាល់កម្ពុជាជាប្រទេសដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ។
ឯកឧត្តមបន្តថា ថ្ងៃនេះគម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានសាមគ្គីប្រជាជាតិទាំងមូលដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិព្រមទាំងការស្វែងរកសន្តិភាព និងការ ផ្សះផ្សាជាតិធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តបានលើកឡើងថា យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើងក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំងអស់គ្នាក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិដែលបានបាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាសន៍ហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។
ឯកឧត្ដមបន្តថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា- ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនាដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។
ឯកឧត្ដមបន្ថែមថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីត្រូវបានការពារយ៉ាង គត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបានកំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹកដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ២០២៨ ខាងមុខ។ រាជរដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីរក្សាសន្តិភាពជូនប្រជាជនឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹងពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែនដែលនឹងផ្តល់សារប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី៕