
ព័ត៌មានលម្អិត! ជុំវិញករណីគ្រោះថ្នាក់ផ្ទុះឆេះយន្តហោះដឹកអ្នកដំណើរសម្លាប់មនុស្សជិត១៨០នាក់ អំឡុងពេលចុះចតនៅប្រទេសកូរ៉េខាងត្បូង
(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ ហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយបានកើតមានឡើងនៅព្រលានយន្តហោះមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូងដែលបានឆក់យកជីវិតមនុស្សជិត១៨០នាក់។ ខាងក្រោម គឺជាព័ត៌មានលម្អិតជុំវិញហេតុការណ៍នោះ ដែលជាករណីគ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុតក្នុងឆ្នាំ២០២៤នេះ៖
ពេលវេលា ទីតាំង និងហេតុការណ៍គ្រោះថ្នាក់៖
– យន្តហោះរងគ្រោះបានជួបគ្រោះថ្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង កាលពីវេលាម៉ោងខ្ទង់៩ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ក្នុងគោលដៅធ្វើដំណើរហោះចេញពីទីក្រុងបាងកកនៃប្រទេសថៃឆ្ពោះមកកាន់ស្រុក Muan នៃខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង។ បើតាមឃ្លីបវីដេអូបង្ហាញពីហេតុការណ៍ផ្ទាល់ គេមើលឃើញ អំឡុងពេលចុះចតយន្តហោះដែលជួបគ្រោះថ្នាក់បានអូសខ្លួននៅជាប់នឹងផ្លូវចុះចតផ្ទាល់តែម្តងដោយមិនមានកង់បើកចេញមកឡើយហើយមិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿនហួសផុតចេញពីផ្លូវរហូតទីបំផុតទៅបុកពេញទំហឹងជាមួយជញ្ជាំងការពារជាហេតុបណ្តាលឱ្យយន្តហោះនោះផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅពោលគឺយន្តហោះសឹងទាំងស្រុងត្រូវបានបំផ្លាញដោយសារការផ្ទុះសល់តែផ្នែកកន្ទុយបន្តិចប៉ុណ្ណោះ។
ប្រភេទយន្តហោះ និងចំនួនជនរងគ្រោះ៖
– យន្តហោះខាងលើជាប្រភេទ Boeing 737-800 ផលិតឆ្នាំ២០០៩ មានជើងហោះហើរ 7C2216 ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Jeju Air។ នៅលើនោះមានផ្ទុកអ្នកដំណើរសរុប ១៧៥នាក់ ក្នុងនោះ២នាក់ជាជនជាតិថៃ និង ១៧៣នាក់ផ្សេងទៀតជាជនជាតិកូរ៉េ។ ចំណែក៦នាក់ គឺជាអ្នកបម្រើការងារលើយន្តហោះ និងអាកាសយានិក។ គិតត្រឹមម៉ោង៨យប់ (ម៉ោងក្នុងតំបន់) មនុស្សស្ទើរទាំងអស់គឺ ១៧៧នាក់ បានស្លាប់ខណៈ២នាក់នៅបន្តចាត់ទុកបាត់ខ្លួននៅឡើយហើយនិង២ទៀតនាក់ដែលជាអ្នកបម្រើការងារលើយន្តហោះ (ប្រុសម្នាក់ ស្រីម្នាក់) ត្រូវបានជួយសង្រ្គោះភ្លាមៗ។ អ្នកទាំងពីរត្រូវគេរាយការណ៍ថា អង្គុយនៅផ្នែកចុងកន្ទុយនៃយន្តហោះ។
មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់៖
– មូលហេតុច្បាស់លាស់ពិតប្រាកដនៅពីក្រោយគ្រោះថ្នាក់ខាងលើកំពុងស្ថិតក្រោមការស៉ើបអង្កេតរបស់អាជ្ញាធរកូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធ។ យ៉ាងណាក្តី ក្រុមអ្នកស៉ើបអង្កេតបានដាក់ការសង្ស័យជាបឋមទៅលើ កត្តាប៉ះទង្គិចជាមួយហ្វូងសត្វបក្សី និងលក្ខខណ្ឌអាកាសធាតុជាមូលហេតុចម្បងជាងគេដែលបានបណ្តាលឱ្យកង់របស់យន្តហោះរងគ្រោះមានបញ្ហាគាំងមិនអាចបញ្ចេញមកក្រៅហើយបង្ខំឱ្យយន្តហោះត្រូវចុះចតទាំងគ្មានកង់បែបនេះ។
ប្រវត្តិនៃគ្រោះថ្នាក់យន្តហោះ៖
– សោកនាដកម្មខាងលើគឺជាករណីអាក្រក់ជាងគេបង្អស់ដែលពាក់ព័ន្ធជាមួយអាកាសចរណ៍កូរ៉េខាងត្បូងគឺគិតចាប់តាំងពី ករណីធ្លាក់យន្តហោះ Korean Air ឆ្នាំ១៩៩៧ នៅកោះហ្កាំដែលបានសម្លាប់មនុស្សជាង២០០នាក់ និងជាករណីមានមនុស្សស្លាប់ច្រើនបំផុតដែលកើតមានឡើង នៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះគិតចាប់តាំងពីករណីធ្លាក់យន្តហោះ China Air ឆ្នាំ១៩៩៧ ដែលបានផ្តាច់ជីវិតមនុស្ស ១២៩នាក់ក្នុងចំណោម ១៦៦នាក់៕