អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ពានឫស្សី និងណែនាំម្ចាស់រមណីយដ្ឋានឆ្នេរកោះប៉ែនឱ្យកែលម្អសោភណ្ឌភាព និងការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ នេះបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ឡើងវិញស្ពានឬស្សីឆ្នេរកោះប៉ែនស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋានឱ្យកែលម្អសោភណ្ឌភាព និងបន្តពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។

បើតាមលោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរកោះប៉ែនបានឱ្យដឹងថា ស្ពានឫស្សីដែលតភ្ជាប់ពីត្រើយម្ខាងក្រុងកំពង់ចាមទៅឆ្នេរកោះប៉ែន មានប្រវែង ១,០៦៨ ម៉ែត្រដែលបច្ចុប្បន្នសាងសង់សម្រេចបាន ៨០% ហើយ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ទន្ទឹមនឹងការសាងសង់នេះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យរៀបចំតុបតែងស្ពានដូចជាការដាក់ទង់ជាតិ និងធ្វើកន្លែងសម្រាប់ថតសែលហ្វី និងដាក់ស្លាកប៉ាណូ 3D មួយដើម្បីបង្ហាញអំពីទិដ្ឋភាពរមណីយដ្ឋានជូនដល់ភ្ញៀវទេសចរបានដឹង។

ម្ចាស់រមណីយដ្ឋានដដែលបានឱ្យដឹងផងដែរថា កន្លងមក រមណីយដ្ឋានឆ្នេរកោះប៉ែនបានរៀបចំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរបានល្អប្រសើរ ពោលគឺមិនដែលមានបញ្ហាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍នោះឡើយ។ រីឯការលក់ដូរម្ហូបអាហារនៅលើឆ្នេរកោះប៉ែននេះគឺតម្រូវឱ្យអ្នកលក់រក្សាស្ថេរភាពតម្លៃបើទោះជាថ្ងៃធម្មតា ឬថ្ងៃមានបុណ្យជាតិក៏ដោយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare