ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបន្តចុះពិនិត្យសក្តានុពល «សួនឧទ្យានទន្លេស្ងួត»
(អូររាំងឪ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន និងបានបន្តចុះពិនិត្យនូវសក្តានុពល «សួនឧទ្យានទន្លេស្ងួត» ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយតំបន់នេះជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ និង រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅ «សួនឧទ្យានទន្លេស្ងួត» ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ ។
សូមរំលឹកបញ្ជាក់ផងដែរថា កន្លងមកនេះ ជាពិសេសនៅក្នុងរដូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ឆ្នាំជាប់គ្នានេះក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអភិវឌ្ឍន៍តំបន់ «ឧទ្យានទន្លេស្ងួត» ប្រែក្លាយពីកន្លែងស្ងាត់ជ្រងំប្រែក្លាយជា រមណីយដ្ឋានធម្មជាតិមួយដ៏ស្រស់ស្អាតដែលមានផ្លូវស្អាតព័ទ្ធជុំវិញទន្លេ បំភ្លឺដោយអំពូលសូឡាពេលរាត្រីអមដោយសម្រស់ផ្កាស្បៃរឿងពណ៌លឿងទឹកមាស បំពាក់ដោយឧបករណ៍ក្មេងលេងយ៉ាងទំនើបដែលមានតំលៃប្រមាណជាង២លានដុល្លារជាពិសេសទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណរាប់ម៉ឺននាក់មកពីគ្រប់ទិសទី មកកំសាន្តនៅក្នុងឱកាស« សង្ក្រាន្តអូររាំងឪ» និង «សង្ក្រានទន្លេស្ងួត»។