ល្បែងឡូតូដែលតែងតែបើកលេងពេលរាត្រីនៅបុរីកីឡាអាគារទី៧កំពុងតែបើកលេងពង្វក់ស្មារតីក្មេងចាស់ប្រុសស្រីជារៀងរាល់ថ្ងៃតែមិនមានសមត្ថកិច្ចណាបង្ក្រាប
(ភ្នំពេញ)៖ បើយើងក្រឡេកមកមើលនៅបុរីកីឡាអាគារទី៧ សម្បូរទៅដោយល្បែងស៊ីសង(ឡូតូ) វិញគឺសម្បូរណាស់តែសមត្ថកិច្ចវិញមិនដែលបង្ក្រាបទង្វើបែបនេះហាក់បើកដៃឱ្យក្រុមញៀនល្បែងលេងបានដោយសេរី តើជាមូលហេតុអ្វីសូមជួយបញ្ជាក់ផងទាន?
ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី ក្រុមការងារអ្នកសារព័ត៌មានយើងក៏បានចុះទៅផ្តិតយករូបភាពជាក់ស្តែងឃើញថា មានបើកលេងពិតប្រាកដមែនដូចក្នុងវីដេអូនេះស្រាប់។ ចុះបើឃើញជាក់ស្តែងប៉ុណ្ណឹងហើយតើសមត្ថកិច្ចគាត់គិតយ៉ាងមិចដែរ? តើគាត់បង្ក្រាបឬអត់? យើងរងចាំមើលទាំងអស់គ្នា។
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្តឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈលើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះលោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគី ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕