ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុរៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ

មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកគឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កំពង់សោមជាក្រុងថ្មីដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចេញអនុក្រឹត្យបង្កើតឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ 

ក្នុងឱកាសពិនិត្យទីតាំងដ៏ពិសិដ្ឋនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ាង ស៊ីណេ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុរួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីអំពីទីតាំងភូមិសាស្រ្តជាក់ស្ដែង និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងទីតាំងត្រូវកំណត់ក្នុងគម្រោងប្លង់សង់អគាររដ្ឋបាលរួមទាំងអគារអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូចជា អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ផ្នែកសឹករងក្រុង និងសាខាកាកបាទក្រហមកម្ពុជាក្រុងជាដើម។

បញ្ចប់ការពិនិត្យទីតាំងផ្ទាល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តដំណើរឆ្ពោះទៅកាន់សាលាខេត្តព្រះសីហនុដោយនៅទីនោះប្រមុខក្រសួងមហាផ្ទៃបានចូលពិនិត្យស្ថានភាពអគាររដ្ឋបាលសាលាខេត្តដែលស្ថិតក្នុងអន្តរកាលនៃការសាងសង់ព្រមទាំងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោមរួមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អភិសន្តិបណ្ឌិតបានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុដើម្បីរៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារនៅរដ្ឋបាលសាលាក្រុងកំពង់សោមទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងដោយត្រូវរៀបចំជាកញ្ចប់ និងធានាថាមន្រ្តីទាំងនោះនឹងមិនផ្ទេរចេញទៅវិញ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare