ប្រជាពលរដ្ឋបន្តដើរកម្សាន្តនៅមុខព្រះបរមរាជវាំងខណៈពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែត្រូវបានបញ្ចប់ដោយរលូន

(ភ្នំពេញ)៖ ត្បិតតែព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃទី១៦ វិច្ឆិកាក៏ដោយប៉ុន្តែនៅមុខព្រះបរមរាជវាំងនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គេសង្កេតឃើញថាក៏នៅមានប្រជាពលរដ្ឋមួយចំនួនបន្ដដើរកម្សាន្ដច្រើនគួរសមផងដែរ។

យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសដើរលេងកម្សាន្តប្រមាណជាង៦លាននាក់ក្នុងនោះថ្ងៃទី១ មានចំនួន១លាន១សែននាក់ ថ្ងៃទី២ប្រមាណ២លាន២សែននាក់ និងថ្ងៃទី៣មានប្រមាណ២លាន ៩សែននាក់។
ចំពោះការបោសសម្អាតបរិស្ថានក្រោយព្រះរាជពិធីបុណ្យអុំទូកវិញឃើញថា មានរបៀបរៀបរយល្អប្រសើរពោលការបោសសម្អាតគឺធ្វើបានលឿន និងសម្អាតបានស្អាតល្អ។

សម្រាប់ការបោសសម្អាតទីធ្លា និងការប្រមូលសំរាមនេះត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យដឹងថា ប្រើប្រាស់កម្លាំងកម្មករបោសសម្អាតរបស់មន្ទីរចំនួន៣៣០នាក់ និងប្រើប្រាស់រថយន្តបាញ់លាងសម្អាតចំនួន១៨គ្រឿងហើយការប្រមូលសំរាមធ្វើឡើងតាំងពីម៉ោង ១២:០០នាទីយប់ រហូតដល់ម៉ោង៧:០០នាទីព្រឹក។

ដោយឡែកចំពោះលទ្ធផលប្រណាំងទូកវិញ នៅឆ្នាំនេះទូកដែលមានល្បឿនលឿនលេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ លេខ២បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ជាទូករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ។

សូមបញ្ជាក់ជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង ក្នុងនោះទូកអុំមានចំនួន១៧០គ្រឿង ទូកចែវមាន៤៥គ្រឿង និងទូកខ្នាតអន្តរជាតិមានចំនួន១៣១គ្រឿង និងមានកីឡាករចំណុះទូកមានចំនួន២១.៩៤៦នាក់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare