៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមដើរលេងកំសាន្តជាង៦លាននាក់ប្រកបដោយសុខសុវត្ថិភាពសប្បាយរីករាយ

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់បានមកទស្សនាការប្រណាំងទូកនៅមាត់ទន្លេផងការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៌ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យនៅតាមសួនសាធារណៈផងដែរដើរលេងកំសាន្តសប្បាយប្រកបដោយទឹកមុខរីករាយក្រោមម្លប់នៃសន្តិភាព។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានអ្នកចូលរួមទស្សនាកម្សាន្ត ជាង១លាន១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។

លោកស្រីអ្នកនាំពាក្យបានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយវិញមានការការពាររក្សាសន្តិសុខសុវត្ថិភាពដោយយកចិត្តទុកដាក់ពីបងប្អូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហើយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយថ្នាក់ដឹកនាំជាតិ និងកងកម្លាំងគ្រប់ផ្នែកដែលពាក់ព័ន្ធធ្វើឱ្យព្រះរាជពិធីនេះមានសន្តិសុខ សណ្តាប់ធ្នាប់ល្អណាស់ពោលគឺពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

បច្ចុប្បន្នកម្ពុជាយើងមានសុខសន្តិភាពពេញលេញនេះហើយទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេក៏គ្មានពិធីបុណ្យអុំទូកដូចថ្ងៃនេះដែរ នេះជាការគូសរំលេចបន្ថែមរបស់លោកស្រី។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងនាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ពីឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ នៃគ.សដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare