សម្តេចធិបតីនាយករដ្ឋមន្ត្រី “ភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកអាចសម្រេចទៅបានគឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់”
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា៖ «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ភាពជោគជ័យនេះអាចសម្រេចទៅបានគឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ជាពិសេសកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណ:គ្រប់បែបយ៉ាង ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភណ្ឌភាពល្អប្រណិត ។
ជាមួយគ្នានេះក៏សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទក៏ដូចជាសិល្ប:ករ សិល្បៈការិនីទាំងអស់ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងជូនដល់មហាជនប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង»៕