រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្ដែងនូវការអរគុណ ចំពោះមន្ដ្រី គ្រួសារបរិស្ថាន ក្រុមហ៊ុនឯកជន និងអង្គការដៃគូប្រមូលសំរាមក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានសម្ដែងនូវសេចក្តីរំភើប និងថ្លែងអំណរគុណចំពោះមន្រ្តីគ្រួសារបរិស្ថាន ក្រុមហ៊ុន អង្គការ និងក្រុមយុវជនស្ម័គ្រចិត្ដជួយបរិស្ថានក្នុងអំឡុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ០៣ថ្ងៃ កន្លងមកនេះ ដោយមានសំណេរដេីមតាមប្រព័ន្ធតេឡេក្រាម ដូច្នេះថា៖
ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថានដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ មិនត្រឹមតែប៉ុណ្ណោះ អស់លោក-លោកស្រីក៏បានរួមគ្នាសម្អាតបរិស្ថាន និងសំរាមបានយ៉ាងល្អប្រសើរថែមទៀតផង។ ជោគជ័យនេះពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំរវាងក្រុមគ្រួសារបរិស្ថានរួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខក្រោមម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក-លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសកកម្មបរិស្ថានដ៏ក្លៀវក្លានេះ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ សូមទទួលបាននូវបញ្ចពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។