ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានខេត្តក្រចេះចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូក នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះត្រូវរួមសាមគ្គីភាពគ្នាត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។

ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានថ្លែងបន្តថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ប្រទេសកម្ពុជាយើង។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងកីឡាចាញ់ឈ្នះជារឿងធម្មតាអ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់ និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់កីឡាករចំណុះទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យ និងសុខសុវត្ថិភាពក្នុងរយៈពេល ២ថ្ងៃទៀតនេះនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា ខេត្តក្រចេះមានទូកងចំនួន ២០ មកពីក្រុងស្រុកចំនួន ៤ (ស្រុកព្រែប្រសព្វទូកងចំនួន ១១, ស្រុកឆ្លូង ទូកងចំនួន ៤, ស្រុកសំបូរទូកង ចំនួន ២ និងក្រុងក្រចេះចំនួន ២) បានចូលរួមប្រកួតក្នុងនោះទូកខ្នាតពិសេសចំនួន ៥ និងទូកងខ្នាតអន្តរជាតិចំនួន ១៥។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare