ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារ និងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

«បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋពីព្រោះកងនគរបាលគឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បានដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងបាឋកថានេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូ និងមន្រ្តីនគរបាលជាតិ សិក្ខាកាម-និស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រប្រមាណជាង ១ ០០០ នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បន្តថា កងនគរបាលគ្រប់ប្រភេទខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃដោយគ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកឡើយដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយក៏ដូចជាត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកកម្មករ បានដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក កងកម្លាំងសមត្ថកិច្ចនគរបាលឯណេះវិញកាន់តែមមាញឹកខ្លាំងហើយគុណតម្លៃដ៏ធំធេងនេះមិនត្រូវមើលរំលងឡើយ។ សកម្មភាពល្អៗរបស់កងនគរបាលជាតិគួរត្រូវបានបង្ហាញជាប្រចាំឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមរយៈការផ្សព្វផ្សាយតាមបែបបុរេសកម្មនិងឆ្លាតវៃស្របតាមបច្ចេកវិទ្យាក្នុងសម័យទំនើប។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយបានបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការផ្សព្វផ្សាយក្នុងសកម្មភាពបុរេសកម្មជូនដល់កងកម្លាំងនគរបាលជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានថ្លែងអំណរគុណនិងកោតសរសើរចំពោះឯកឧត្តមវាគ្មិនទាំងពីរដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកបទពិសោធដ៏មានសារសំខាន់ និងស្របពេលដែលពិភពលោកកំពុងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន AI ព័ត៌មានសម្បូរបែប និងសភាពការណ៍ភូមិសាស្ត្រនយោបាយប្រែប្រួលជាបន្តបន្ទាប់ពិបាកវាយតម្លៃ។ ឯកឧត្តមនាយឧត្តមសេនីយ៍ជឿជាក់ថា តាមរយៈបាឋកថានេះនឹងអាចពង្រឹងការយល់ដឹងពីតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិអាចក្លាយខ្លួនជាអ្នកគ្រប់គ្រងព័ត៌មាននិងសាធារណមតិពេញលេញ និងប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាពនិងសីលធម៌ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ពង្រីកការយល់ដឹងអំពីភូមិសាស្ត្រនយោបាយតំបន់ និងអន្តរជាតិកាន់តែទូលំទូលាយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare