
កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋានដែលលោកអ្នកអាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?
យោងតាមសេចក្តីណែនាំលេខ០០៦ សណន របស់ក្រសួងមហាផ្ទៃដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួងបានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីស្តីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ចំពោះទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបាន លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា គឺជាទិន្នន័យដែលបានសរសេរខុស ឬភ័ន្តច្រឡំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងករណីណាមួយដូចជា ៖ ការខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នា ឬមានកំហុសផ្សេងទៀត)។
ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជាភេទ “ប្រុស” តែសរសេរដាក់ថាភេទ “ស្រី” ឬភេទ “ស្រី” តែសរសេរដាក់ថាភេទ “ប្រុស” ការចុះបញ្ជីដោយភ័ន្តច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ករណីខុសថ្ងៃកំណើតសុរិយគតិ ដូចជា ថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា ខុសថ្ងៃកំណើតចន្ទគតិដូចជាសរសេរចុះដាក់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ១៩៨៩ ប៉ុន្តែជាក់ស្តែងថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៩ ជាថ្ងៃអង្គារ ការភ័ន្តច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាលដូចជា សរសេរដាក់ថា ស្រុកអង្គរបុរី ខេត្តសៀមរាប ប៉ុន្តែជាក់ស្តែងស្រុកអង្គរបុរី ស្ថិតនៅក្នុងខេត្តតាកែវក៏សុទ្ធតែអាចស្នើសុំកែតម្រូវដូចគ្នាដែរ។
បន្ថែមលើនេះ ករណីមានខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួនបានកើតជាក់ស្តែង ឬសរសេរខុសទីតាំងភូមិសាស្ត្ររដ្ឋបាលនាសម័យដែលបុគ្គលនោះកើត។ ឧទាហរណ៍៖ បញ្ជីកំណើតរបស់បុគ្គលម្នាក់បានចុះថាកើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបងពីព្រោះនៅឆ្នាំ១៩៨៥ មិនទាន់បង្កើតខេត្តបន្ទាយមានជ័យនៅឡើយ និងការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋានលើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់ និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការក៏សុទ្ធតែអាចស្នើសុំកែតម្រូវបានដូចគ្នា។
ដោយឡែកចំពោះការមោឃភាពបញ្ជីអត្រានុកូលដ្ឋានវិញ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ការមោឃភាពអាចធ្វើបានក្នុងករណីណាមួយដូចជា ការចុះបញ្ជីផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន ការចុះខុសបែបបទ នីតិវិធីនៃការងារអត្រានុកូលដ្ឋាន ចុះបញ្ជីអត្រានុកូលដ្ឋានលើសពី ១ (មួយ) ដង នៅកន្លែងដដែល ឬនៅកន្លែងផ្សេងទៀត និងការមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។
បន្ទាប់ពីបានដឹងច្បាស់នូវករណីដែលអាចស្នើសុំកែតម្រូវបានដោយពុំចាំបាច់ឡើងដល់ស្ថាប័នតុលាការ ខាងក្រោមនេះជានីតិវិធីដោះស្រាយងាយៗដែលអ្នកក៏ត្រូវដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ចំពោះការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានបើស្ថិតនៅក្នុងឆ្នាំដែលកំពុងអនុវត្ត (គិតពីថ្ងៃទី០១ ខែមករា មកទល់ថ្ងៃទី៣១ ខែធ្នូ) គឺលោកអ្នកអាចធ្វើការស្នើបានតាមរយៈ ឃុំ-សង្កាត់របស់ខ្លួនដែលបានចុះបញ្ជីប៉ុន្តែបើផុតពីឆ្នាំដែលអនុវត្តវិញ ការស្នើសុំកែតម្រូវទិន្នន័យគឺស្ថិតនៅថ្នាក់ជាតិ (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ផ្ទុយពីនេះរាល់ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានដែលមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានពោលគឺក្រៅពីចំណុចដែលបញ្ជាក់ពីការអាចកែតម្រូវបាននោះគឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់៕