សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” នៅស្រុកស៊ីធរកណ្តាល
(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តបានចាត់ឱ្យលោកស្រី បណ្ឌិត នាយិកាសាខាខេត្ត និងសហការី សហការជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល រៀបចំទិវាពិភពលោកសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ ” សង្រ្គោះបឋម និងកីឡា ” ដែលមានការចូលរួមពីក្រុមប្រតិបត្តិសាខាខេត្ត ក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុមគ្រូពេទ្យ នាយកសាលា អ្នកស្ម័គចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋក្នុងសហគមន៍ព្រមទាំងមានការចូលរួមពីក្រុមការងារអនុសាខាស្រុកកញ្ជ្រៀច និងសហការីសរុបអ្នកចូលរួមចំនួន១៤៧នាក់ ស្រី ១១៣នាក់ នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
នាឱកាសនោះដែរ លោកស្រីបណ្ឌិតនាយិកាសាខាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រីបណ្ឌិតនាយិកាសាខាខេត្តបានថ្លែងថា វិជ្ជាសង្គ្រោះបឋមមានប្រវត្តិដ៏យូរលង់មកហើយស្របពេលការចាប់ផ្តើមឱ្យមានកាកបាទក្រហមទូទាំងពិភពលោកគឺក្នុងខែមិថុនា ឆ្នាំ១៨៥៩ ដោយ លោក ហង់រី ឌុយណង់ ដែលលោកជាពាណិជ្ជករវ័យក្មេង ជនជាតិស្វីសដែលបានបង្កើតគំនិតនេះឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងការងារមនុស្សធម៌។ ក្នុងកម្មវិធីនាថ្ងៃនេះគឺជាទិវាមួយដែលមានសារសំខាន់ក្នុងការលើកកម្ពស់សុខភាព និងសុខភាពសហគមន៍របស់កាកបាទក្រហមកម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចាត់ទុកវិជ្ជាសង្គ្រោះបឋមជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។
គោលបំណងនៃការប្រារព្ធទិវាទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ២០២៤ ក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃចំណេះដឹងសង្គ្រោះបឋមក្នុងបរិបទកីឡា និងបច្ចេកទេសក្នុងការជួយសង្គ្រោះជាពិសេសជំរុញលើកទឹកចិត្តប្រជាជនខ្មែរឱ្យចូលរួមក្នុងសកម្មភាពកីឡា។
ក្នុងនោះដែរក៏មានការបង្ហាញពីការលេងកីឡាបាលទាត់ជាក្រុម និងការហាត់តៃក្វាន់ដូដើម្បីផ្សាភ្ជាប់ទៅនឹងប្រធានបទនៃទិវាក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” ពិសេសប្អូនៗ យុវជនកាកបាទក្រហមកម្ពុជាក៏បានបង្ហាញពីការសង្គ្រោះបឋម (គោលការណ៍គ្រឹះនៃអ្នកសង្គ្រោះបឋម ការធ្វើចលនាបេះដូង ការសង្គ្រោះអ្នកលង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍) និងបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
សាខាខេត្តក៏បានផ្តល់ឃីតអនាម័យ ១កញ្ចប់ (សាប៊ូ ២ដុំ និងកន្លែង ១) ដល់អ្នកចូលរួម ហើយក្រុមការងារក៏បានរៀបចំការហូបនំបញ្ចុកសាមគ្គីរួមគ្នាផងដែរ៕