កម្ពុជា និងឡាវប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមដងទន្លេមេគង្គ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតាមដងទន្លេមេគង្គ។
ការចុះ MOU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវនៅពេលនេះគឺធ្វើយ៉ាងពង្រីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅទន្លេមេគង្គមួយដែលគ្មានប្លាស្ទិក។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា៖ «នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវផងដែរ» បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលក្នុងនោះមានសសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាពហើយដែលកន្លងមក កម្ពុជាបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជំហានទី១ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានជោគជ័យ និងបានបន្តទៅជោគជ័យជំហានទី២ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលឆ្ពោះទៅភាពស្អាតទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ការចុះ MOU រវាងក្រសួងបរិស្ថានកម្ពុជា និងឡាវនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងក្លាយជាផ្នែកមួយចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានឆ្លងដែនផងដែរ។
«នេះជាការប្តេជ្ញាចិត្តដ៏ធំទូលំទូលាយមួយក្នុងវិស័យបរិស្ថានជារួមប៉ុន្តែយើងធ្វើការមួយជំហានម្តងៗនេះគឺយើងធ្វើការប្រយុទ្ធប្រឆាំងលើការបំពុលដោយប្លាស្ទិកដែលកំពុងបំពុលដល់បរិស្ថាននៅតាមដងទន្លេមេគង្គតាមទីជនបទ និងតាមទីប្រជុំជននានានៅក្នុងប្រទេសទាំងពីរជាដើម»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៕