ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង «មាន់ជល់ហាយឡាយ» ស្ថិតនៅឃុំកណ្ដឹងនិងឃុំត្រពាំងសាប ក្នុងស្រុកបាទី ខេត្តតាកែវ នៅតែបន្តបើកដំណើរការបានយ៉ាងអាណាធិបតេយ្យដោយគ្មានខ្លាចអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឡើយ។

តាមប្រភពព័ត៌មានជាក់ស្ដែងបានឲ្យដឹងថា៖ «ទីតាំងបនល្បែងស៊ីសងខុសច្បាប់ទាំងនេះ នៅតែបើកទទួលជនញៀនល្បែងឲ្យមកលេងល្បែងភ្នាល់ដាក់លុយថែមទាំងស្រែកហ៊ោកញ្ជ្រៀវឡូឡាពេលឈ្នះចាញ់ម្តងៗដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ»។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មហាជនជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបនល្បែងខុសច្បាប់ ទាំងអស់នេះដែលបន្តបើកទទួលជនញៀនល្បែង ឱ្យមកពពាក់ពពូនគ្នាលេងល្បែងភ្នាល់ដោយរលូន ខណៈដែលល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ គឺជាដើមចមនៃការបង្កបង្កើតនៃបទល្មើស ជាពិសេសអំពើហិង្សា លួច ប្លន់ កាប់សម្លាប់ ព្រាត់ប្រាសប្ដីប្រពន្ធកូនជាដើមគឺសុទ្ធសឹងតែកើតចេញពីល្បែងទាំងអស់។

ចំណែកលោក ខន រ៉ានី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប ខាងសារព័ត៌មានយើងធ្លាប់បានផ្តល់ព័ត៌មានជូនម្ដងរួចមកហើយប៉ុន្តែហាក់ដូចជាគ្មានចំណាត់ការចុះបង្ក្រាបទប់ស្កាត់ទាល់តែសោះ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារសារព័ត៌មានយើងបានខលរាយការណ៍និងទំនាក់ទំនងផ្ដល់ព័ត៌មានជូនដល់លោក ខន រ៉ានី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាបម្ដងទៀតប៉ុន្តែទូរស័ព្ទខលចូលហើយបែរជាគ្មានអ្នកទទួលទៅវិញ។ រីឯទីតាំងល្បែងស៊ីសងដែលស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ធ្លាប់ត្រូវបានបណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយនិងធ្លាប់បានសមត្ថកិច្ចចុះស្រាវជ្រាវម្ដងហើយប៉ុន្តែមិនដែលបង្ក្រាបបាននោះទេ។

ពាក់ព័ន្ធទៅនឹងករណីទីតាំងល្បែងស៊ីសងដុះស្លែទាំងអស់នេះ តើលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីនៃស្នងការនគរបាលខេត្តតាកែវ មានសមត្ថភាពបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះបានដែរឬយ៉ាងណា?

ជុំវិញករណីល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុកបាទី ខេត្តតាកែវ មហាជនជាច្រើន ស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចាក់ចង្កេះលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីផងទាន ជៀសវាងគាត់ជាប់ត្រគៀកមិនអាចចេញមុខមកបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ។



WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare