ប្រជាពលរដ្ឋពលករដែលមកពីប្រទេសថៃប្រមាណជាង ៥៤០នាក់ បានមកដាក់ពាក្យធ្វើការងារនៅក្នុងឱកាសវេទិកាការងារដែលធ្វើឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកកំចាយមារ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ពលករដែលមកពីប្រទេសថៃប្រមាណជាង ៥៤០នាក់បានមកដាក់ពាក្យធ្វើការងារនៅក្នុងឱកាសវេទិកាការងារដែលធ្វើឡើងដោយរដ្ឋបាលស្រុកកំចាយមារក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងមានការអញ្ជើញចូលពីថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៥ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺនកន្លែង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានមានប្រសាសន៍លើកឡើងថា ការធ្វើការងារនៅក្នុងប្រទេសគឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាពដល់កម្មករ-កម្មការិនីនៅតាមរោងចក្រសហគ្រាសដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ ហើយមួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេសក៏ទទួលបាននូវឱកាសយ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមទៀតថា កិច្ចការងារទាំងអស់នេះគឺជាការខិតខំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ចំពោះប្រជាពលរដ្ឋដោយមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។

សូមបញ្ជាក់បន្ថែមថា នៅក្នុងវេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំចាយមារព្រឹកមិញនេះមាន ក្រុមហ៊ុនចំនួន ៥ ដែលបានមកទទួលការដាក់ពាក្យចូលធ្វើការងាររបស់ប្រជាពលរដ្ឋនេះមាន៖

ទី១. ក្រុមហ៊ុន កោះកុង ចេជាង អេសអ៊ីហ្សិត ឯ.ក ចំនួន ២,០០០ កន្លែង នៅខេត្តកោះកុង។
ទី២. ក្រុមហ៊ុន ខាត ថាយអ៊ែរ ឯ.ក ចំនួន ៨០០កន្លែង ខេត្តស្វាយរៀង។
ទី៣. រោងចក្រ ស្ទ័រតិចអ៊ុនឌីសស្ត្រីយ៍ ចំនួន ៣០០កន្លែង នៅរាជធានីភ្នំពេញ។
ទី៤. ក្រុមហ៊ុន ស៊ីមី (ខេមបូឌា) វាយរឹង ស៊ីស្ទីម ខូអិល ចំនួន ៣០០ កន្លែង នៅភ្នំពេញ។
ទី៥. រីឌី ផេត សិបផ្លាយ (ខេមបូឌា) ឯ.ក ច្រើននាក់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជួបសំណេះសំណាល និងបានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សម្រាប់ប្រជាពលរដ្ឋក៏ដូចជាប្រជាពលរដ្ឋពលករដែលមកពីប្រទេសថៃមានការងារធ្វើនៅស្រុកចំនួន ៣គឺស្រុកស្វាយអន្ទរ, ស្រុកកំចាយមារ, និងស្រុកពារាំង ខេត្តព្រៃវែង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare