
អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីដើម្បីប្រគេនគ្រឿងឧបភោគបរិភោគនិងបច្ច័យជូនព្រះសង្ឃគង់ក្នុងវត្តទាំង៣២វត្តនាឱកាសបុណ្យកាន់បិណ្ឌទី០៩
ខេត្តប៉ៃលិន ៖ ដោយសារតែបញ្ហាជំងឺកូវីដ ១៩ កំពុងឆ្លងរាលដាលទាំងនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ីនិងនៅតាមភូមិក្នុងសហគមន៍ទើបនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងក្រុមការងារមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្តបានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួននៅខាងមុខខ្លោងទ្វារវត្តនានាក្នុងខេត្តប៉ៃលិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានផ្តាំផ្ញើដល់ព្រះសង្ឃ តាជី ដូនជីនិងគណកម្មការវត្តដែលនៅក្នុងវត្តថា ៖ នៅក្នុងបរិបទជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីវេនបិណ្ឌ៤ មកម៉្លេះរហូតដល់ថ្ងៃភ្ជុំបិណ្ឌដើម្បីបង្ការទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាន់តែច្រើននិងការពារអាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ។
លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ឬទេយ្យទានទៅប្រគេនព្រះសង្ឃឬគណៈកម្មការវត្តបានដែរប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលដោយមិនមានការជួបជុំប្រមូលផ្តុំមនុស្សច្រើនគ្រាន់តែចាត់ចែងតំណាងចូលរួមប៉ុណ្ណោះ ។
លោកជំទាវអភិបាលខេត្តក៏បានស្នើដល់ព្រះចៅអធិការនិងព្រះសង្ឃគ្រប់អង្គព្រមទាំងពុទ្ធបរិស័ទទាំងអស់ឱ្យមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ។ លើសពីនេះលោកជំទាវក៏បានអំពាវនាវដល់ព្រះចៅអធិការនិងព្រះសង្ឃគ្រប់អង្គរួមទាំងប្រជាពលរដ្ឋត្រូវរៀនរស់នៅជាមួយជំងឺកូវីដ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះនិងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នានិងប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាល កុំឱ្យធ្វេសប្រហែសនោះឡើយ ។
ចំណែកព្រះចៅអធិការនៅតាមវត្តនីមួយៗបានសូត្រធម៌ជូនពរដល់លោកជំទាវអភិបាលខេត្តនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យទទួលបានបុណ្យកុសល្យកាន់តែច្រើននិងមានសុភមង្គលក្នុងក្រុម គ្រួសារជៀសឆ្ងាយពីបញ្ហាទាំងឡាយទាំងពួក ជាពិសេសជំងឺកូវិដ១៩ តែម្តង ។
សូមបញ្ជាក់ផងថា គ្រឿងឧបភោគបរិភោគ ទេយ្យទានដែលលោកជំទាវអភិបាលខេត្តប៉ៃលិនបានប្រគេនជូនព្រះសង្ឃនៅតាមវត្តអារាមទាំង៣២វត្តមានដូចជាអង្ករ ,មី ,ត្រី, ទឹកត្រី ,ទឹកស៊ីអីវ ,ទឹកសុទ្ធនិងបច្ច័យមួយចំនួនផងដែរ ៕