
ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលមានខ្សែអ្នកធំនៅពីក្រោយកំពុងបើកលេងយ៉ាងគឃ្លើនព្រោះសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់
កំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ បង្គប់អាប៉ោង» ដែលមានខ្សែអ្នកធំនៅពីក្រោយដែលស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមកំពុងបើកដំណើរការយ៉ាងគឃ្លើនដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានប៉ះពាល់ព្រោះមានខ្សែធំ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ «ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើមានឈ្មោះ ចូច ភេទ ប្រុស បានដើរប្រមូលផ្ដុំ ជនញៀនល្បែងឲ្យមកលេងល្បែងភ្នាល់ដាក់លុយដោយភ្នាល់មួយគូៗរាប់រយលានរៀលថែមទាំងស្រែកហ៊ោកញ្ជ្រៀវឡូឡាពេលឈ្នះចាញ់ម្តងៗ»។
ចំណែកលោក នាយប៉ុស្តិ៍នគរបាលឃុំផ្អាវបានប្រាប់សារព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា នេះថា៖ «ឈ្មោះ ចូច ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ មានខ្សែធំណាស់នៅពីក្រោយ! ចំណែកគាត់ត្រឹមតែជាសមត្ថកិច្ចនាយប៉ុស្តិ៍ថ្នាក់ក្រោមគ្មានសមត្ថភាពបង្ក្រាបនោះទេ»។
ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងខុសច្បាប់ដុះស្លែដែលមានខ្សែអ្នកធំនៅពីក្រោយនេះ ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់ពួកគាត់(ក្រោមហេតុផល)៖កាលណាបើមានល្បែងស៊ីសងក្នុងមូលដ្ឋានហើយនោះ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខានជាពិសេសករណីលួច ឆក់ ប្លន់សម្លាប់និងបទល្មើសផ្សេងៗជាច្រើនទៀត ព្រោះល្បែងស៊ីសងនេះគឺជាដើមចមនៃបទល្មើស។
ចំណែកឯលោក សំ ណាល់ អធិការនគរបាលស្រុកបាធាយនៃស្នងការនគរបាលខេត្តកំពង់ចាម មិនដឹងថាអាចមានសមត្ថភាពបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោក ចូច ដែលមានខ្សែធំនេះបានដែរឬយ៉ាងណា។
ទោះយ៉ាងណាមិញ ប្រជាពលរដ្ឋនៅតែសង្ឃឹមយ៉ាងមុតមាំចំពោះអាជ្ញាធរមានសមត្ថកិច្ចនិងស្នើសុំឲ្យលោក សំ ណាល់ អធិការនគរបាលស្រុកបាធាយនិងលោក ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមមេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលមានខ្សែធំនៅពីក្រោយនេះផងទាន៕