ធ្វើតេស្តអាជីវករផ្សារសាមគ្គីហៅប៉ាហ៊ី១៥០នាក់ក្នុងចំណោម២៩៦នាក់រកឃើញវិជ្ជមានកូវីដ ១៩រហូតដល់ចំនួន៣៥នាក់

ខេត្តប៉ៃលិន ៖ ក្រោមការដឹកនាំពីដោយលោកអភិបាលរងខេត្តប៉ៃលិន ចេង ញ៉ាន់ និងមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន គិតត្រឹមវេលាម៉ោង១២ និង១៥នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត បានធ្វើតេស្តទៅលើអាជីវករចំនួន១៥០នាក់ ក្នុងចំណោម២៩៦នាក់ ស្រាប់តែរកឃើញវិជ្ជមានជំងឺកូវីដ ១៩ រហូតដល់៣៥នាក់ ហើយកំពុងធ្វើតេស្តជាបន្តបន្ទាប់ រហូតដល់គ្រប់ចំនួនផងដែរ ។ ចំណែកអ្នកពាក់ព័ន្ធជាមួយនឹងអាជីវករមានផ្ទុកមេរោគកូវីដ១៩ នឹងធ្វើតេស្តនៅពេលក្រោយទៀត ។
ហេតុការណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ នៅលើអាជីវករនេះ បានកើតឡើងកាលពីវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១នៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមការឱ្យដឹងពីលោកអភិបាលរងខេត្តប៉ៃលិន ចេង ញ៉ាន់ បានបញ្ជាក់ប្រាប់ភ្នាក់ងារយើងឱ្យដឹងនៅកន្លែងធ្វើតេស្តរកមេរោគកូវីដ ១៩ ថា ៖ ដោយសារតែអាជីវករទាំងអស់ ចង់ឱ្យខាងរដ្ឋបាលខេត្ត បើកផ្សារជូនពួកគាត់ចូលលក់ឡើងវិញ ក្រោយពីបិទទ្វារអស់រយ:ពេលជិត២ខែ ដោយ សារតែបញ្ហាអាជីវករកើតជំងឺកូវីដ ១៩ ទើបរដ្ឋបាលខេត្តសម្រេចចិត្ត ហៅអាជីវករទាំងអស់មកធ្វើតេស្តជាមុនសិន ដើម្បីរកមេរោគកូវីដ ១៩ លុះក្រោយពីមន្រ្តីសុខាភិបាលចាប់ផ្តើមពិនិត្យតាំងពីព្រឹករហូតមកដល់ថ្ងៃត្រង់នេះ ខណ:មិនទាន់ធ្វើតេស្តអាជីវករអស់នៅឡើយ ដោយទើបធ្វើតេស្តបានចំនួនប្រមាណ១៥០នាក់ ស្រាប់តែរកឃើញអ្នកផ្ទុកមេរោគកូវីដ ១៩ រហូតដល់ទៅ៣៥នាក់ ។ ប្រភពបន្តទៀតថា ដូច្នេះហើយ ទើបរដ្ឋបាលខេត្ត កំពុងបន្តធ្វើតេស្តអាជីវករទាំងអស់ រហូតដល់ពេលល្ងាច ទើបអាចដឹងលទ្ធផលសរុបទាំងអស់ ។
លោកអភិបាលរងខេត្តបន្ថែមទៀតថា ពេលមន្រ្តីសុខាភិបាលខេត្តប៉ៃលិន ធ្វើតេស្តអ្នកភូមិដែលមានបញ្ហាក្នុងខ្លួន ស្រាប់តែរកឃើញមេរោគកូវីដ ១៩ លុះសួរនាំ គេប្រាប់ថា ធ្លាប់ចូលទៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ។ ដូច្នេះ ដោយសង្កេតឃើញមានការឆ្លងជំងឺកូវីដ ១៩ច្រើនករណីបែបនេះ រដ្ឋបាលខេត្តនឹងបន្តធ្វើតេស្តអាជីវករដោយយកចិត្តទុកដាក់បំផុត ហើយនឹងយកអ្នកកើតជំងឺទាំងនោះទៅព្យាបាលនៅមណ្ឌលសាលាក្រៅ ។ តែបើអ្នកជំងឺកូវីដ ១៩នោះ មានផ្ទះនៅដាច់ដោយឡែកពីអ្នកដទៃ អាចឱ្យស្នាក់នៅព្យាបាលក្នុងផ្ទះរបស់ខ្លួន ដោយមានការតាមដានពីក្រុមគ្រូពេទ្យ ហើយតូបដែលម្ចាស់កើតជំងឺកូវីដ ១៩ នឹងត្រូវបិទទ្វារបន្តទៀត មិនអនុញ្ញាតឱ្យលក់ដូរនោះឡើយ រហូតដល់ព្យាបាលជាសះស្បើយ ទើបអាចលក់ដូរឡើងវិញ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare