
គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបើកប្រតិបត្តិការទ្រង់ទ្រាយធំនៅតំបន់ព្រំដែនខេត្តក្រចេះដុតកម្ទេចចោលវត្ថុតាងបទល្មើស
ខេត្តក្រចេះ ៖ ដោយចាប់គិតត្រឹមពីរថ្ងៃទី០២ ខែសីហានេះ គឺរយៈពេល២ថ្ងៃហើយដែលក្រុមការងារ នៃគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ហុង វីណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីមកតាមស្ថាប័នពាក់ព័ន្ធ បើកប្រតិបត្តិការទ្រង់ទ្រាយធំចុះស្រាវជ្រាវចុះរុករក លើបទល្មើសធនធានធម្មជាតិនៅក្នុងទឹកដីស្រុកស្នួល ដែលជាតំបន់ជាប់ព្រំដែន ។
សូមបញ្ជាក់ថាកន្លងទៅតំបន់មួយនេះក៏គេដឹងថា ជាតំបន់ក្តៅគគុកមួយក្នុងជំនួញជួញដូរឈើទាំងស្របច្បាប់ និងខុសច្បាប់ និងក៏សម្បូទៅដោយក្រុមហ៊ុនកែច្នៃថ្មម៉ាបផងដែរ ។ តែបើទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បានបង្ហាញពីលទ្ធផលដែលបានបើកប្រតិបត្តិការក្នុងអំឡុងរយៈពេល២ថ្ងៃកន្លងទៅនេះនៅឡើយទេ ។
អភិបាលរងខេត្តក្រចេះ គឺលោកខណ្ឌ ចំណាន បានថ្លែងឲ្យបណ្តាញ rssk-news ដឹងនៅថ្ងៃទី២ សីហានេះថា គណះកម្មការចម្រុះបានចុះត្រួតពិនិត្យនៅតាមក្រុមហ៊ុន និងផ្នែកឯកជនរោងចក្រកែច្នៃឈើសិប្បកម្ម និងរោងសន្និធិផលព្រៃឈើក្នុងភូមិសាស្ត្រស្រុកស្នួល ។ លោកថា ក្នុងនោះបានរកឃើញ មានការធ្វើសន្និធិឈើ តែឈើទាំងនោះមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា អាជ្ញាធរខេត្តគ្រាន់តែសម្របសម្រួលគោលដៅ មូលដ្នានដែលត្រូវចុះត្រួតពិនិត្យតែប៉ុណ្ណោះ នីតិវិធីបន្តបែបណានោះ គឺជាភារកិច្ច របស់ក្រុមការងាររបស់គណៈកម្មាធិការកិច្ចថ្នាក់ជាតិជាអ្នកបន្ត ។ លោកអភិបាលរងបានអះអាងថា ប្រត្តិបត្តិការស្រាវជ្រាវរុករក គឺនៅតែបន្តធ្វើឡើងពីក្រុមគណៈកម្មាធិ ការថ្នាក់ជាតិនៅគ្រប់តំបន់ ។
ហើយនេះជាករណីបង្ក្រាបបទល្មើសព្រៃឈើបានធ្វើឡើងយ៉ាងក្តៅគគុកជាមួយ និងវិធានការដ៏តឹងតែងក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
ក្នុងប្រតិបត្តិការបង្ក្រាបនារយៈពេលចុងក្រោយនេះ កម្លាំងអាវុធហត្ថខេត្តក្រចេះបាន ស្រាវជ្រាវបង្ក្រាបបានឈើខុសច្បាប់គ្រប់ប្រភេទបានជាចំនួនជាច្រើនម៉ែត្រគូប ។ ជាមួយគ្នា នោះក៏មានរថយន្តដែលត្រូវបានកំណត់ថា ជាវត្ថុតាងដឹកជញ្ជួនបទល្មើសក្នុងនោះរួមមាន រថយន្តបង្កង៩គ្រឿង រថយន្តសាំយ៉ុង៥គ្រឿ ងនិងម៉ូតូ១១គ្រឿង ត្រូវបានធ្វើការដុតកម្ទេចចោល ៕កែសម្រួលដោយ ៖ rssk-news