ប្រជាពលរដ្ឋកម្ពុជា រង្វង់១៥ម៉ឺននាក់ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

មហាជនគ្រប់ស្រទាប់វណ្ណៈប្រមាណ១៥ម៉ឺននាក់បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រដល់វិមានឯករាជ្យ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះបានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នាលើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមោះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើងគឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា ការជួបជុំនៅពេលនេះក៏អាចជាសារមួយផងដែរហើយសារនោះគឺបញ្ជាក់ថា ពេលដែលប្រទេសកម្ពុជាមានការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេប្រសិនបើមានការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា «យើងនឹងងើបឈរដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុងការការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ជាតិ។ ទោះជាយ៉ាងក្តីយើងជ្រើសរើសស្របតាមការណែនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតីគឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្នែកលើមូលដ្ឋានច្បាប់»។

ជាមួយគ្នានេះ ឯកឧត្តមក៏សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេនថ្វាយ និងជូនសម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ដែលបានមកប្រជុំគ្នានៅទីនេះ ពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លាតាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈក្ដីស្រលាញ់ដើម្បីជាតិកម្ពុជា។

ជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពងស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមសម្របសម្រួល រៀបចំ និងរាយការណ៍ព័ត៌មាន កម្មវិធីនេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare