
ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យអំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់សកម្មភាពការងារចុះមូលដ្ឋាននៅខេត្តកំពង់ចាម
ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអំពី កិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់សកម្មភាពការងារចុះមូលដ្ឋាន និងការងារបូកសរុបវាយតម្លៃលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពផងដែរ។
ឯកឧត្តម សក់ សេដ្ឋា បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីសកម្មភាព និងបញ្ហាប្រឈមនានារបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ចរបស់អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានាឱ្យបានសមស្របសំដៅពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ចជាសេនាធិការជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា បានបន្ថែមថា ផ្អែកលើសមិទ្ធផលដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសម្រេចបានកន្លងមក រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាបានបន្តរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជាក់ស្តែងនៅខេត្តកំពង់ចាមមានឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលេីកឡេីងថា ៥ខែ ដើមឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមបានរៀបចំវេទិកាសាធារណៈចំនួន ៦៣លើក និងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមពីប្រជាពលរដ្ឋសរុបចំនួន ៣៤៧ករណី បានដោះស្រាយក្នុងពេលរៀបចំវេទិកាចំនួន ២២០ករណី បានដោះស្រាយនៅថ្នាក់ក្រោមជាតិចំនួន ៧៥ករណីមិនទាន់ដោះស្រាយចំនួន ៤៧ករណី មូលហេតុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាននឹងកំពុងរៀបចំយន្តការដោះស្រាយទៅតាមនីតិវិធី និងបានស្នើសុំទៅថ្នាក់ជាតិចំនួន ៥ករណី៕