
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន”
(ព្រៃវែង)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍លើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលជាកម្មវិធីគោលនយោបាយអាទិភាព១ ក្នុងចំណោម៦ របស់រាជរដ្ឋាភិបាលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដើម្បីទទួលបានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ព្រមទាំងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តនៃក្រសួងការងារ និងបណ្តុះប ណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានមួយនេះមានការបណ្តុះបណ្តាលគ្រប់កម្រិតចាប់តាំងពីវគ្គខ្លីរហូតដល់សញ្ញាបត្របច្ចេកទេសកម្រិតបរិញ្ញាបត្ររងមានទាំងផ្នែកកសិកម្ម សេវាកម្ម មានការបណ្តុះបណ្តាលនៅវិទ្យាស្ថាន និងតាមសហគមន៍ដោយមានគ្រូបច្ចេកទេសមានជំនាញច្បាស់លាស់ មានសម្ភារៈឧប្បទេស និងផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងដោយមិនបង់ថ្លៃចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។ ហើយវិទ្យាស្ថានក៏កំពុងពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាពដោយទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស និងសាធារណជនកាន់តែច្រើនគួរជាទីមោទនៈ។ ការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកមដោយគុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅក្នុង និងក្រៅប្រទេសជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមួយដើម្បីទទួលបានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។
លោក ម៉ឹង វណ្ណា នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តបានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ ” ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេសជាពិសេសសម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់” នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកម្មវិធីនេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោកនាយកវិទ្យាស្ថានក៏បានបន្ថែមថា យុវជននានារួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះដោយមិនបង់ថ្លៃផងដែរដើម្បីចាប់យកជំនាញមួយពិតប្រាកដមុននឹងចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួនចំពោះបងប្អូនកម្មករនិយោជិតដែលកំពុងមានការងារធ្វើស្រាប់អាចមានលទ្ធភាព និងឱកាសបង្កើននូវផលិតភាពការងារជំនាញរបស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងមុន។ បន្ថែមពីនេះ កម្មវិធីបណ្តុះបណ្តាលនេះមានវេនសិក្សាបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែងពោលគឺយុវជន និងបងប្អូនកម្មករនិយោជិតអាចរៀនពេញមួយថ្ងៃក៏បានរៀនតែមួយព្រឹក ឬមួយរសៀលក៏បានរៀនពេលយប់ក៏បាន និងរៀនតែថ្ងៃសៅរ៍ និងអាទិត្យក៏បាន។
ក្នុងនោះដែរ សិស្សានុសិស្សដែលកំពុងសិក្សា និងបានបញ្ចប់វគ្គនៃការសិក្សាបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង “TVET” បានជួយឱ្យគាត់មានជំនាញច្បាស់លាស់អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់ខ្លួនបានយ៉ាងល្អប្រសើរនោះផងដែរ។ សូមស្ដាប់ការលើកឡើងអំពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សា និងកំពុងសិក្សានូវជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តដូចតទៅ។