
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការីចែកអំណោយពលរដ្ឋមានជីវភាពខ្វះខាត ០៤គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាមទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៤គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែនឹករលឹកគិតគូរពីសុខទុក្ខពិសេសសុខភាពបងប្អូនប្រជាពលរដ្ឋ និងបាននាំយកនូវបណ្តាំសួរសុខទុក្ខពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមផងដែរដែលជានិច្ចកាលលោកតែងតែខ្វល់ខ្វាយគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុតដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយហើយតែងបានចាត់តំណាង ឱ្យចុះអន្តរាគមន៍ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលាស្របតាមទិសស្លោក “កាកបាទក្រហមមាននៅគ្រប់ទីកន្លែងសម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុមានការប្រែប្រួលសូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនហើយកត្តាដែលសំខាន់នោះគឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាតពិសាទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុងហើយសូមជូនពរលោកតា លោកយាយបងប្អូនទាំងអស់មានសុខភាពរឹងមាំ អាយុយឺនយូរបន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ថាៈ អំណោយជូនប្រជាពលរដ្ឋទាំង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕