
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរ និងដៃគូពាក់ព័ន្ធធ្វើឱ្យខេត្តមណ្ឌលគីរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រេចឱ្យបាននូវភាពល្អស្អាតធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឱ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋបានចូលរួមចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ភាពស្អាតនៅក្នុងខេត្តមណ្ឌលគីរីនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀតនៅក្នុងពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តែមថា ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងទឹកដីខេត្តមណ្ឌលគិរីដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះសម្រាប់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាននឹងអាចផ្តល់ជូនដ្រូនបន្ថែមទៀតដល់មន្ទីរបរិស្ថានខេត្តដើម្បីជួយសម្រួលការងារល្បាតព្រៃរបស់មន្ត្រីឧទ្យានុរក្ស ដែលមានកម្លាំងតិចបើធៀបជាមួយទំហំផ្ទៃដីព្រៃដ៏ធំធេងផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានសម្តែងនូវអំណរសាទរចំពោះលោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និងថ្នាក់ក្រោមក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរដើម្បីធានាគុណភាព និងប្រសិទ្ធភាពការងារ ការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។
សូមបញ្ជាក់ថា លោក ហាស់ វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មីជំនួសលោក ឈៅ ប៊ុនធឿន ដែលទទួលភារកិច្ចថ្មី។ លោក ហាស់ វិបុល បានប្តេជ្ញាចិត្តគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងរង្វង់មន្រ្តីនៃមន្ទីរទាំងអស់៕