
ឯកឧត្ដម សួន សុម៉ាលីន បាននាំយកបច្ច័យចំនួនជាង ៧០លានរៀល វេរប្រគេនដល់ព្រះសង្ឃនៅវត្តធម្មរតន៍ ហៅវត្តសង្កែ ស្រុកស្វាយអន្ទរ
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបាននាំយកបច្ច័យចំនួន ៧០,៥៦០,០០០ រៀលវេរប្រគេនដល់ព្រះសង្ឃនៅវត្តធម្មរតន៍ ហៅវត្តសង្កែ ស្ថិតនៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការរៀបចំកសាងវត្តអារាមនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។
ឯកឧត្ដមបានបន្តថា ការរៀបចំពិធីបុណ្យផ្ការប្រាក់រស្មីសាមគ្គីនេះគឺដើម្បីប្រមូលបច្ច័យកសាង សាលាពុទ្ធិកបឋមសិក្សាក្នុងវត្តធម្មរតន៍ ហៅវត្តសង្កែ ដែលជួយដល់ពុទ្ធិកសិក្សាជាវិស័យអប់រំតាមបែបព្រះពុទ្ធសាសនាដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃតាមរយៈការផ្តល់ចំណេះដឹង និងសីលធម៌ ដែលជាគ្រឹះរួមចំណែកក្នុងការលើកកម្ពស់សង្គមជាតិ និងតម្លៃព្រះពុទ្ធសាសនា។ បច្ចុប្បន្ន ពុទ្ធិកសិក្សាត្រូវបានរៀបចំជាបីកម្រិតគឺកម្រិត បឋម-មធ្យម និងកម្រិតឧត្តមដែលមានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិជាស្ថាប័នទទួលខុសត្រូវនៅក្នុងក្រសួងធម្មការ និងសាសនា។
ឯកឧត្ដមអភិបាលខេត្តបន្ថែមថា ខេត្តព្រៃវែងមានវត្តសរុបចំនួន៥១៩វត្ត ក្នុងនោះវត្តធម្មយុទ្ធមានចំនួន១៩វត្ត និងវត្តមហានិកាយមាន ចំនួន៥០០វត្ត។
ឯកឧត្ដមអភិបាលខេត្តបន្ថែមទៀតថា ជាមួយនឹងការទទួលបាននូវសមិទ្ធផលជាផ្លែផ្កាក៏ដូចជាការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិកន្លងមកខេត្តព្រៃវែងក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ សម្តេចក្រឡាហោម ស ខេង អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបច្ចុប្បន្នលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានធ្វើឱ្យខេត្តព្រៃវែងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងប្រជាជនរស់នៅប្រកបដោយសុខសុវត្ថិភាពនៅមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជារដ្ឋបាលស្រុក-ឃុំ សូមយកចិត្តទុកដាក់លើចំណុចមួយ ចំនួន៖
* សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់ សូមធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព។
* អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
* បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ពិសេសលើការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពដែលមានខ្លឹមសារទាំង៧ចំណុច។
* បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ (ដោយពេលនេះជារដូវប្រាំងដូចនេះសូមប្រជាកសិករយកចិត្តទុកដាក់នូវការប្រើប្រាស់ទឹកឱ្យបានល្អពិសេសមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរគ្រប់ថ្នាក់ពង្រឹងនូវការគ្រប់គ្រងទឹកក៏ដូចជាអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងករណីខ្វះខាតទឹកប្រើប្រាស់សម្រាប់បម្រើការងារកសិកម្ម)៕