
រដ្ឋបាលខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍“សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងឯកឧត្តម ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែង តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការពិភាក្សា បែងចែកទៅតាមផ្នែកនៃអនុគណៈកម្មការទទួលបន្ទុកតាមផែននីមួយៗ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន រៀបចំនូវទីកន្លែងដែលខ្លួនទទួលខុសត្រូវឱ្យបានល្អស្អាតសម្រាប់ត្រៀមទទួលស្វាគមន៍ដល់ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី អញ្ជើញចូលរួមលេងកំសាន្តនៅក្នុងព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ចំពោះការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង” ឆ្នាំ ២០២៥ នេះរដ្ឋបាលខេត្តបានរៀបចំធ្វើឡើងធំជាងបណ្ដាឆ្នាំកន្លងទៅ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តនៅក្នុង ព្រឹត្តិការណ៍មួយនេះ។ ក្នុងព្រឹត្តិការណ៍នេះផងដែរក៏មានការប្រគំតន្ត្រីខ្នាតធំ (ដោយមានតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជាអញ្ជើញចូលរួម ) ព្រមទាំងមានល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ប្រដាល់គុនខ្មែរ, ដាក់ស្តង់តាំងពិព័រណ៍នៅផលិតផលផ្សេងៗជាច្រើនទៀតនោះផងដែរ៕