ថង់ប្លាស្ទិករាប់តោន និងសំរាមត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ
មាត់កំពង់ទឹកឆ្នុកទ្រូ និងទឹកទន្លេក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបាននឹងកំពុងត្រូវបានគេបោះចោលសំរាមយ៉ាងអាណាធិបតេយ្យ និងមានផ្ទះបណ្តែតទឹកជួសជុលម៉ាស៊ីន ផ្ទះលក់ប្រេងឥន្ទនៈកើតឡើងវិញ និងបានបំពុលបរិស្ថានទឹកទន្លេយ៉ាងធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពប្រជាពលរដ្ឋប្រើប្រាស់ទឹកទន្លេ និងប៉ះពាល់ដល់ជីវចម្រុះក្នុងបាតទន្លេទៀតផង។
ក្រោយពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូលកំពង់ទឹកឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានបានចុះទៅដល់កន្លែងនោះ និងបានប្រទះឃើញនៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពោរពេញទៅដោយសំរាមជាពិសេសគឺថង់ប្លាស្ទិករាប់តោនដែលគេបានបោះចោលនៅលើគោក និងមួយចំនួនធំបានធ្លាក់ចូលទៅក្នុងបាតព្រែកជាប់នឹងដងទន្លេសាបដែលទឹកព្រែកនោះនៅខែនេះបានហូរចេញទៅកាន់ទន្លេសាបតែម្តង។ ដោយឡែកផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈបានកើតឡើងវិញជាច្រើនខ្នងផងដែរដែលពួកគេបានចាក់កាកសំណល់ដែលមានសារធាតុគីមី និងសារធាតុពុលផ្សេងៗចូលទៅក្នុងទឹកព្រែក និងទឹកទន្លេជារៀងរាល់ថ្ងៃដោយមិនទាន់មានចំណាត់ការណាមួយពីអាជ្ញាធរឃុំ ស្រុកនៅឡើយ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយពិនិត្យទីតាំងខាងលើ និងមានចំណាត់ការរៀបចំផងព្រោះការបំពុលបរិស្ថានទឹកព្រែក និងទឹកទន្លេបែបនេះនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពអ្នកប្រើប្រាស់ទឹកទន្លេ និងជីវចម្រុះបាតទន្លេទៀតផង។
គួររំលឹកថា បរិស្ថានទឹកព្រែកមាត់កំពង់ទឹក និងទឹកទន្លេសាបនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ រួមនឹងផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈទាំងនោះត្រូវបានរៀបចំបានល្អក្នុងអំឡុងឆ្នាំ២០២០ និងបានបំពុលឡើងវិញក្នុងឆ្នាំ២០២៣។ កាលពីរៀបចំលើកមុន ផ្ទះជួសជុលម៉ាស៊ីន ផ្ទះបញ្ចូលអាគុយ ផ្ទះលក់ប្រេងឥន្ទនៈ សិប្បកម្មផលិតទឹកកក និងផ្ទះរស់នៅលើទឹករបស់ប្រជាពលរដ្ឋត្រូវបានបន្លាស់ទីមករស់នៅលើគោកទាំងអស់ និងហាមមិនឱ្យចុះទៅនៅលើទឹកទន្លេ ឬព្រែកវិញឡើយតែមិនដឹងមូលហេតុអ្វីបានជាផ្ទះទាំងនោះបានចុះទៅនៅលើទឹកទន្លេ ទឹកព្រែកវិញរួមនិងមានសំរាម ថង់ផ្លាស្ទិករាប់តោននៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកទ្រូថែមទៀតផង៕