រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០២៥

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៨​ ខែមករា ឆ្នាំ២០២៥ ខេត្តប៉ៃលិនបានប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យ​ជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០២៥ ដែលជាថ្ងៃសង្គ្រោះជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរួចផុតពី​សេចក្ដី​ស្លាប់បានរស់នៅប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ និងមានសិទ្ធិសេរីភាព​យ៉ាង​ទូលំ​ទូលាយប្រកបដោយក្ដីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលានៅគ្រប់ទីកន្លែងដែលពិធីនេះស្ថិតក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំង​មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត ២ពាន់នាក់។

ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈ​កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិនបានអានសន្ទរកថា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដោយក្នុងរសន្ទរ​ក​​ថា បានបង្ហាញថាខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧មករាជាប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងហើយបើកនូវសករាជថ្មីរបស់កម្ពុជាគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ បន្ទាប់ពីជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូលដឹកនាំ​ប្រទេស​ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែករងសន្តិភាព ផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវ​បំផ្លាញ​ខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយ​មោទនភាព ជាទីបំផុត ។

ស្ថិតក្នុងអង្គមីទ្ទិញជាប្រវត្តិសាស្ត្រនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងខេត្តប៉ៃលិនទាំងអស់ សូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ វីរៈយុទ្ធ​ជន វីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុរំដោះ​ប្រទេសជាតិ និងពលរដ្ឋឱ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលពោរពេញទៅដោយឈាម និងទឹកភ្នែករយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបានព្រមទាំងសុំធ្វើការចងចាំ និងបន្តថែរក្សាថ្ងៃ៧មករាឱ្យបានជាប់នៅក្នុងក្រអៅបេះដូងគ្រប់ៗគ្នាក្រោមម្លប់សន្តិភាពនៃគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជន​កម្ពុជា និងការពារឱ្យបានគង់វង្សស្មារតី ៧មករាមិនឱ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករាវាយរំលំមកលើរាជរដ្ឋាភិបាល​ស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឡើយ និងចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃយើងទាំងអស់គ្នា។

តាមរយៈអង្គមីទ្ទិញនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជាត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហា​ជាតិទាំងអស់ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការរក្សា​ការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្សជាដរាប៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare