
ស្ដ្រី 2នាក់ដែលថតបង្ហោះ TikTok ជាប់ដាវសាម៉ូរ៉ៃនៅខណ្ឌកំបូលបានចេញសុំទោសជាសាធារណៈក្រោយដឹងខ្លួនខុស និងអំពាវនាវយុវជនកុំយកគំរូតាម
(ភ្នំពេញ)៖ ស្ដ្រីពីរនាក់ដែលថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គម TikTok ជាប់ដាវសាម៉ូរ៉ៃហើយត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនោះ បានដឹងខ្លួនខុស និងសុំទោសជាសាធារណៈចំពោះទង្វើមិនគួរគប្បីនេះ។
តាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ ជឿន ស្រីណាក់ បានអំពាវនាវដល់យុវជនដទៃទៀតកុំយកគំរូតាមខ្លួនព្រោះនេះជាកំហុសឆ្គងដែលសង្គមស្អប់ខ្ពើម។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ដែលបង្ហោះវីដេអូកាន់ដាវតាមបណ្ដាញសង្គមដោយមិនខ្លាចញញើតច្បាប់។
ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅនាំខ្លួនស្ដ្រីពីរនាក់ដល់ផ្ទះដែលមានតាំងស្ថិតនៅបុរីពិភពថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។
ក្រោយឃាត់ខ្លួនស្ដ្រីទាំងពីរនាក់នេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕