បង្ក្រាបបានម៉ាសុីនរ៉ៃជ្រៀកឈើ០១គ្រឿងស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ដែលកូនចៅលោកចាន់ណាបម្រុងដឹកជម្លៀសរត់ មន្ត្រីជំនាញស្ទាក់ជាប់នៅមុខឃ្លាំង និងឈើជាច្រើនម៉ែត្រគីប ចំណែកឯលោកចាន់ណាដែលជាម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់

(ខេត្តសៀមរាម)៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាបបានឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសហការជាមួយជំនាញប៉ូលីសសេដ្ឋកិច្ចចុះធ្វើការត្រួតពិនិត្យទីតាំងស្តុកឈើចំនួន ០២កន្លែង៖
១-ស្ថិតលើផ្លូវសាមេត ភូមិខ្នារថ្មី សង្កាត់ជ្រាវ
២-ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលម្ចាស់ទីតាំងខាងលើមានឈ្មោះ ចាន់ណា។

ជាក់ស្តែងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រោយពេលបានទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្តសៀមរាប មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ (សង្កាត់+ផ្នែក) ហាក់មានភាពខ្ជីខ្ជាពេលវេលាដូចខ្យងកើតកូនមកមួយបាត់មួយដូចជាមិនសូវស្រួលពោះទាល់តែសោះហើយក៏បានសហការជាមួយកម្លាំងជំនាញប៉ូលិសសេដ្ឋកិច្ចបានចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបបាន ម៉ាសុីនរៃជ្រៀកឈើ០១គ្រឿង ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ដែលកូនចៅលោកចាន់ណាបម្រុងដឹកជម្លៀសរត់តែត្រូវបានមន្ត្រីជំនាញស្ទាក់ជាប់នៅមុខឃ្លាំង និងឈើជាច្រើនម៉ែត្រគីប។ រាល់វត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ចំណែកឯលោក ចាន់ណា ដែលជាម្ចាស់ទីតាំងខាងលើរត់គេចខ្លួនបាត់។

គួររំលឹកផងដែរថា បើយោងតាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋបានឱ្យដឹងថា លោក ចាន់ណា រូបនេះគឺជាឈ្មួញឈើជើងខ្លាំងប្រចាំខេត្តសៀមរាបដោយឈើដែលក្រុមឈ្មួញនេះបានដឹកជញ្ជូនចេញពី ចំណុចអូរជុញ ក្បាលដំរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារមក ដោយធ្វើការដឹកជញ្ជូនជាលក្ខណៈទ្រុងទ្រាយធំសុទ្ធតែឡានវ៉េអ័ងកែច្នៃហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺដឹកដោយឡានបែនដឹកដីកង់ដប់ឆ្លងកាត់តាមស្រយ៉ង់កោះកេរ្តិ៍ ស្វាយលើរួចយកមកទុកនៅក្នុងឃ្លាំងរៃជ្រៀកឈើនៅចំណុចទីតាំងខាងលើរួចបន្តដឹកជញ្ជូនចែកចាយតាមដេប៉ូនានាក្នុងខេត្តសៀមរាប។

ប្រភពដដែលបានបន្តថាសកម្មភាពការដឹកជញ្ជូនឈើរបស់ លោក ចាន់ណា រូបនេះបានប្រព្រឹត្តជាយូរឆ្នាំមកហើយ និយាយរួមគឺដុះស្លែដុះស្នឹមពុំដែលឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធម្តងណាឡើយប៉ុន្តែមិនដឹងថាលោក ចាន់ណា ដែលជាឈ្មួញឈើដ៏ល្បីឈ្មោះរូបនេះត្រូវបានអស់ល័ក្ខក្រោយពេលលោក តាន់ គីមសួរ បានរាយការណ៍ទៅឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប ស្រាប់តែមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបយ៉ាងសស្រាក់សស្រាំ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិបានកោតសរសើរដល់ឆន្ទ:មន្ត្រីជំនាញពាក់ព័ន្ធ និងលោក តាន់ គីមសួរ ដែលបានយកចិត្តទុកដាក់ក្នុងរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិដែលជារបស់រដ្ឋ និងបង្ក្រាបទប់ស្កាត់រាល់ក្រុមឈ្មួញដែលកំពុងតែបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ជាតិរបស់រដ្ឋ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare