
បង្ក្រាបក្មេងទំនើង ៦នាក់ដែលកាប់ជនរងគ្រោះនៅសួនច្បារមាត់ស្ទឹងបណ្ដាលឱ្យរបួស តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ
(សៀមរាប)៖ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានជនល្មើសមួយក្រុមបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួស។
បន្ទាប់ពីទទួលបានព័ត៌មានករណីនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាកម្លាំងជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូតកំណត់បានអត្តសញ្ញាណ និងធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់ យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង៦នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ និងបក្សពួកពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយកាំបិតខ្វែវដែលធ្វើសកម្មភាពនេះគឺពួកខ្លួនដាក់ជាប់ និងម៉ូតូស្រាប់។ មូលហេតុដោយសារក្រុមជនល្មើសខឹងជនរងគ្រោះយកដុំថ្មគប់មកលើពួកខ្លួនហើយថែមទាំងស្រែកប្រមាថរកកាប់ពួកខ្លួនមុន។
ក្រោយបញ្ចប់ការសួរនាំ ក្រុមក្មេងទំនើងទាំងអស់នេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ និងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានអំពាវនាវដល់យុវជនយុវនារីទាំងអស់ជៀសឆ្ងាយអំពីសកម្មភាពទំនើងគ្រប់រូបភាពដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជាពិសេសចំពោះសន្តិសុខសុវត្ថិភាពចំពោះភ្ញៀវជាតិ និងអន្តរជាតិឱ្យបញ្ឈប់ជាបន្ទាន់ព្រោះសមត្ថកិច្ចខេត្តសៀមរាប និងធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕