
បង្ក្រាបបានក្មេងទំនើងស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ
(កំពង់ធំ)៖ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានដឹកនាំបញ្ជាឱ្យផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយអធិការក្រុង-ស្រុកបើកប្រតិបត្តិការល្បាត និងបង្ក្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណីដោយឡែកពីគ្នា។
ជាក់ស្ដែងក្រុមក្មេងទំនើងពីរក្រុមនៅក្នុងសន្ទុកចំនួន ៥នាក់ និងស្រុកតាំងគោកចំនួន ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី។
ករណីទី១ មន្ត្រីនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា នៅវេលាម៉ោង ១០:៣០នាទីយប់ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយ ដំបង ពូថៅ និងដាវ បាននាំគ្នាជិះម៉ូតូជ្រែ និងវាយបំផ្លាញ កាប់ម៉ូតូ ក្មេងប្រុសម្នាក់បណ្ដាលឱ្យខូចខាតយ៉ាងដំណំ។
ករណីទី២ នៅវេលាម៉ោង ១៨:៣០នាទី ថ្ងៃដដែល ក្រុមក្មេងទំនើងចំនួន ៥នាក់ នៅក្នុងស្រុកសន្ទុក ត្រូវបានឃាត់ខ្លួនបន្ទាប់ពីក្រុមនេះបានប្រើដាវជិះម៉ូតូនាំគ្នាបម្រុងចូលកាប់ក្មេងប្រុសម្នាក់ដល់ក្នុងផ្ទះ។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្មេងទំនើងទាំងពីរក្រុមនេះត្រូវបានបញ្ជូនដល់ស្នងការដ្ឋាន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការអនុវត្តច្បាប់។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការបានបញ្ជាក់ច្បាស់យ៉ាងម៉ឺងម៉ាត់ថា ករណីក្មេងទំនើងនៅតាមមូលដ្ឋានត្រូវតែបង្ក្រាបដោយគ្មានការយោគយល់ និងលើកលែងទៀតឡើយ។ ម្យ៉ាងទៀតលោកបានស្នើអធិការក្រុង-ស្រុកទាំងអស់ត្រូវបន្តប្រតិបត្តិការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
ជាមួយនឹងការប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានសម្ដែងការពេញចិត្ត និងគាំទ្រពេញទំហឹង៕