មន្ទីរព័ត៌មានខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

(ព្រៃវែង)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កិច្ចប្រជុំបូកសរុបផលិតផលការងារឆ្នាំ ២០២៤ នេះផងដែរក៏មានបទអន្តរាគមន៍ របស់ការិយាល័យទាំងប្រាំរបស់មន្ទីរព័ត៌មាន រួមនិងក្រុមការងារសារព័ត៌មាន និងសាធារណៈមតិដែលទើបនឹងបង្កើតថ្មី ក្នុងនោះការិយាល័យព័ត៌មាន និងសោតទស្សន៍បានធ្វើការងារយ៉ាងសកម្មក្នុងការចុះយកស្រង់នូវទិន្នន័យពីប៉ាណូ អាហ្វីស និងបន្តអាជ្ញាប័ណ្ណ ដល់សារព័ត៌មាននៅក្នុងខេត្តក៏ដូចជាបន្តអាជ្ញាប័ណ្ណដល់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មរបស់ខ្លួន។ មួយវិញទៀតនោះការិយាល័យវិទ្យុ FM 97.30 Mhz ក៏បានធ្វើការងារយ៉ាងសកម្មជាប្រចាំដោយបានផ្សព្វផ្សាយនូវសំឡេងតាមរយៈរលកធាតុអាកាសទៅដល់ប្រជាពលរដ្ឋមហាជនក្នុងខេត្តព្រៃវែងឱ្យបានជ្រួតជ្រាបព័ត៌មានថ្មីៗព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្តព្រៃវែងបានទាន់ពេលវេលាទាំងថ្នាក់ខេត្ត មន្ទីរអង្គភាពផ្សេងៗ អ្វីដែលកាន់តែពិសេសនោះគឺបានធ្វើកម្មវិធីសន្ទនាមតិជាមួយនឹងរដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព ឃុំ-សង្កាត់ បង្ហាញនៅនូវអ្វីដែលខ្លួនបានអនុវត្តកន្លងមកនោះ។ ក្នុងនោះដែរ ការិយាល័យទូរទស្សន៍ ក៏បានចុះយកព័ត៌មាន ថត​រូបតាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក យ៉ាងសកម្មដើម្បីយកមកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានឃើញអំពីភាពរីកចម្រើន របស់ខេត្តព្រៃវែងតាមរយៈទូរទស្សន៍ជាតិកម្ពុជា ផេកការិយាល័យ និងផេកផ្សេងៗ។

ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក៏បានចុះផ្តិតរូបភាពនៅក្នុងខេត្តព្រៃវែងដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានឃើញពីភាពរីកចម្រើននៃខេត្តព្រៃវែងផងដែរ។

ក្នុងនោះដែរ ក្រុមការងារសារព័ត៌មាន និងសាធារណៈមតិក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្កើតនេះឡើង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងធ្វើការបកស្រាយដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំនូវព័ត៌មានដែលផ្សាយទៅនោះ។ ក្នុងនោះដែរក្រុមការងារព័ត៌មាន និងសាធារណៈមតិបានសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាព យ៉ាងជិតស្និទ្ធបំផុតក្នុងការឆ្លើយតបរាល់ព័ត៌មានដែលចុះផ្សាយមិនពិតដល់មហាជនកុំឱ្យមានការភ័ន្តច្រឡំ។

ក្នុងនោះដែរ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែងបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំ ការិយាល័យទាំងអស់នៃមន្ទីរព័ត៌មានខេត្តព្រៃវែងបានចុះធ្វើការងារយ៉ាងសកម្មបំផុតក្នុងការចុះយកព័ត៌មានបញ្ជ្រៀបព័ត៌មានបង្ហាញនូវសមិទ្ធផលថ្មីៗនៃខេត្តព្រៃវែងនៃការរីកចម្រើនអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃឱ្យប្រជាពលរដ្ឋទទួលបាន និងឃើញយ៉ាងច្បាស់អំពីការរីកចម្រើនទាំងអស់នេះ។

ឯកឧត្តម អនុរដ្ឋលេខាធិការក៏បានមានប្រសាសន៍បន្ថែមទៀតថា មន្ទីរព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ នូវសមិទ្ធផលថ្មីៗក៏ដូចជាការផ្សព្វផ្សាយនូវព័ត៌មានពិតអំពីភាពរីកចម្រើនរបស់ខេត្តដល់មហាជនបានជ្រាប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបដល់ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយមិនពិតដែលធ្វើឱ្យប្រជាពលរដ្ឋមហាជនមានការភ័ន្តច្រឡំផងដែរ។

ឯកឧត្តម អនុរដ្ឋលេខាធិការក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានដូចជា គប្បីផ្សព្វផ្សាយការអភិវឌ្ឍនានានៅក្នុងខេត្តដូចជាតំបន់ទេសចរណ៍ វប្បធម៌ សិល្បៈឬសម្បត្តិវប្បធម៌របស់ខេត្ត, មន្ទីរព័ត៌មានខេត្តផ្សព្វផ្សាយឱ្យបានសកម្មជាងមុនតាមរយៈផេកហ្វេសប៊ុកគេហទំព័រដើម្បីផ្សាយដំណឹងអំពីសកម្មភាពអភិវឌ្ឍ និងសមិទ្ធផលនានារបស់ខេត្ត, វិស័យកសិកម្ម, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខេត្ត, ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់របស់ខេត្ត, ការជំនុំជម្រះក្តីរបស់ខេត្ត, ការបង្ក្រាបបទល្មើសរបស់ខេត្ត, ការកសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត, ការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត, ផ្សព្វផ្សាយពីវិស័យអាទិភាពរបស់ខេត្ត ដើម្បីឱ្យមហាជនបានដឹង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare