
អាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបក្មេងទំនើងជិះម៉ូតូប្រើបំពង់ស៊ីម៉ាំងកែច្នៃ សំឡេងឮខ្លាំងរំខានដល់ប្រជាពលរដ្ឋ
(កំពង់ចាម)៖ កម្លាំងកងរាជអាវុធហត្ថនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមបានបង្ក្រាបក្មេងទំនើងដែលជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំងនៅវេលាម៉ោង ១៩:១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រេីងស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមមន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀមបានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀមទៅដល់បានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខកំពុងជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងលាន់រំពងធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។
មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំជាលទ្ធផល អ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូមួយគ្រឿងខាងលើសមត្ថកិច្ចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនីតិវីធី៕