
ប្រជាពលរដ្ឋទីទ័លក្រចំនួន ១៤គ្រួសារនៅសង្កាត់សំបួរមាសទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម
(កំពង់ចាម)៖ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ នៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាមបានអញ្ជើញដឹកនាំសហការីនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋទីទ័លក្រ ដែលមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១៤គ្រួសារក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី លើកឡើងថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះមិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀងក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រកំពុងជួបការលំបាកដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួចតែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។
លោកជំទាវបន្ថែមទៀតថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាមដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជនជាបុគ្គល ជាអង្គភាព ក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។
ទន្ទឹមពេលជាមួយគ្នានោះដែរ លោកជំទាវក៏បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាមដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែងដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងជួបការខ្វះខាតមានចំនួន ១៤គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ត្រីខ ១យួរ និងឃីត ១។