កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នានៅខេត្តក្រចេះបណ្ដាលឱ្យស្លាប់ម្នាក់ ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦:១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នាបង្កឡើងដោយជនសង្ស័យចំនួន២នាក់រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខណៈពេលកំពុងជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់ខាងលើបានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន០១ដើម, កាំបិតផ្គាក់ចំនួន០១ដើម និងដំបងឈើចំនួន០១ដើម។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិខ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីរួមមាន៖
ទី១. ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ទី២. ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

តាមចម្លើយរបស់ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦:១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែកន្លងមកជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំគួនរហូតដល់មានករណីខាងលើកើតឡើង។ ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare