
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ (កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល)
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) និងលោកជំទាវ ជុន បូរ៉ានី។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ និងការបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន បន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និង កិច្ចការពារសុវត្ថិភាពមនុស្សជាតិ និងបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពតាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាដើម។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលបានជួយគាំទ្រ ផ្គត់ផ្គង់ដល់ជនទុគ៌ត ឬគ្រួសារក្រីក្រលំបាក និងងាយរងគ្រោះផ្សេងៗ ដែលរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួយទ្រទ្រង់ និងស្តារជីវភាពបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមបានយ៉ាងល្អប្រសើរ និងដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយភាពរងគ្រោះរបស់ប្រជាពលរដ្ឋដែលធ្វើការសម្រេចចិត្តដោយប្រថុយប្រថានធ្វើតាមការអូសទាញរបស់ជនខិលខូចដែលព្យាយាមឆក់ឱកាសកេងចំណេញពីស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបន្ថែមទៀតថា ការរៀបចំពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺជាយុទ្ធនាការដ៏ទូលំទូលាយសម្រាប់ផ្សព្វផ្សាយការយល់ដឹងអំពីការជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំក៏ដូចជាវេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិឱ្យចូលរួមសហការគ្នាដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាព ទៅលើមនុស្សទាំងក្មេង ចាស់ បុរស ស្ត្រី និងកុមារ។
ឯកឧត្ដមសូមកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកព្រមទាំងវិស័យឯកជនទាំងឡាយដែលតែងបានប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របទៅតាមទិសដៅនៃគោលនយោបាយជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាននឹងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាល និងធ្វើឱ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៅទៀត។ ពេលនោះនឹងមានប្រជាពលរដ្ឋកាន់តែច្រើននឹងជួបគ្រោះមហន្តរាយហើយសង្គមជាតិនឹងមិនមានសេចក្តីសុខ និងស្ថេរភាពបានឡើយ។ យើងមិនត្រូវអនុញ្ញាតឱ្យជនល្មើសធ្វើសកម្មភាពតាមអំពើចិត្តដើម្បីតែផលប្រយោជន៍ខ្លួនបែបនេះឡើយហើយត្រូវតែអនុវត្តនីតិវិធី ផ្តន្ទាទោសតាមច្បាប់ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។
លោកស្រី ឡុង គន្ធា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សបានលើកឡើងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយដែលត្រូវ បានប្រារព្ធធ្វើឡើងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងតែរីកដុះដាលពីតំបន់មួយទៅតំបន់មួយហើយ និងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរកម្លាំងពលកម្ម និងបញ្ញញាណដ៏មានសក្តានុពលហើយបង្កើតជាបញ្ហាក្នុងសង្គម និងក្លាយជាឧបសគ្គរារាំង ដល់គោលដៅអភិវឌ្ឍដែលកំណត់ក្នុងទស្សនវិស័យនៃគោលនយោបាយជាតិបញ្ចកោណ ដំណាក់កាលទី១ របស់ព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបញ្ជាក់ថា លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម៕