សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមនិមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល
(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមនិមន្តជួបសម្ដែងការគួរសម និងសំណេះសំណាលនៅភូមិគ្រឹះនាទីក្រុងតាខ្មៅ ខេត្តកណ្តាលអំឡុងពេលដែលគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមមកពីខេត្តត្រាវិញនិមន្តបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១សប្តាហ៍។
គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ ខាងលើបាននឹងកំពុងនិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទីនៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទីដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ព្រះអង្គបានមានថេរដីកាថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញបានចាត់ទុកអង្គកឋិនទានកន្លងមកជាប្រវត្តិសាស្ត្រដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាពក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព៕