មកដល់ពេលនេះមន្ត្រីជំនាញរដ្ឋបាលជលផលសង្កាត់-ខណ្ឌនៅមិនអាចធ្វើអ្វីបាន មេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ ហៅ (ប៉ោង) ដែលរកសុីបទល្មើសដឹកលៀសចំណីនិងលៀសឆាកាបាននៅឡើយឬក៏ត្រូវថ្នាំសណ្ដំដេកភ្លេចក្រោកអស់ហើយ

(ខេត្តកំពង់ឆ្នាំង)៖ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានកន្លងមកជុំវិញការឡើងលៀសខុសច្បាប់នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាប ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌នៅតែបន្តមាននៅការឡើងលៀសចំណី និងលៀសឆាកាមិនទាន់ឃើញមន្ត្រីជំនាញណាចុះទៅបង្ក្រាបបានឡើយឬមួយក៏អសមត្ថភាព ឬមួយក៏ត្រូវថ្នាំសណ្ដំដេកលង់លក់អស់ហើយមើលទៅ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពនូវសកម្មភាពដឹកជញ្ជូនលៀសតាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿងដែលមានច្រកលៀសច្រើនការ៉ុងកំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។

អ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវកើបយកពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹកយកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ ហៅ(ប៉ោង) នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។

ករណីនេះបានធ្វើឱ្យមតិសាធារណជនមានការងឿងឆ្ងល់ និងរិះគន់ផងដែរចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះដែលសកម្មភាពនេះគេសង្កេតឃើញកើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក និងមិនមានការបង្ក្រាបទាល់តែសោះចំពោះការនេសាទលៀសគឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។

ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះគឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីនដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឱ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីដែលកើតមានការនេសាទលៀស និងការដឹកជញ្ជូនលៀសខុសច្បាប់ខាងលើនេះមន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់បណ្ដាញព័ត៌មានយើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។

ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងគឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញគឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេងគឺខេត្តកំពង់ធំ។

លោក ឈិន តួ កម្លាំងរបស់អធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាបបានប្រាប់បណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ថា ការនេសាទលៀសប្រើដោយកម្លាំងម៉ាស៊ីនគឺច្បាប់ស្ដីពីជលផលមិនអនុញ្ញាតដាច់ខាត បច្ចុប្បន្នដែលមានការអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូមួយចំនួនដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែហេតុនេះហើយទើបបានអនុគ្រោះឱ្យពួកគាត់ខ្លះតែសុំឱ្យពួកគាត់អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញដោយមិនអនុញ្ញាតឱ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វយកទៅលក់នោះឡើយ។

បើតាមមន្ត្រីជំនាញរដ្ឋបាលជលផលដដែលបានប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាតការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះព្រោះវាបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេព្រោះថា លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវា និងរលួយស្អុយពេញបាតទន្លេ។

មិនតែប៉ុណ្ណោះផ្ទៃបាតផុកនៃទន្លេសាបក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។

ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះតាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីនឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ។

ជុំវិញនូវការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ!

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare