
សង្វៀនជល់មាន់មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំមិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់បង្ក្រាបសោះ
ខេត្តត្បូងឃ្មុំ: សង្វៀនជល់មាន់មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំបានបើកលេងក្នុងចំការកៅស៊ូបានយ៉ាងរលូនដោយមិនមានសមត្ថកិច្ចណាម្នាក់បង្ក្រាបទាល់តែសោះ ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានរាយការណ៍មកថាមានទីតាំងសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិព្រៃស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ខាងក្រោយវត្តថ្មដាចំងាយជាងមួយគីឡូម៉ែត្រពេលនោះក្រុមអ្នកសារព័ត៌មានក៏បានទៅដល់ទីតាំងនោះក៏បានថតយករូបភាពនិងសកម្មភាពពេលក្រុមអ្នកញៀនល្បែងទាំងនោះកាន់កន្ត្រកមាន់ចូលទៅលេងនឹងបានព្យាយាមចូលទៅថតដល់សង្វៀនតែទីនោះមានអ្នកយាមផ្លូវយ៉ាងម៉ត់ចត់មិនអោយអ្នកសារព័ត៌មានយើងចូលទៅថតបានឡើយគឺបានថតតែច្រកចូលនិងសកម្មភាពកាន់កន្ត្រកមាន់ចូលតែប៉ុណ្ណោះ។
ក្នុងនោះដែរក្រុមអ្នកសារព័ត៌មានក៏បានទាក់ទងទៅលោក លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪជាច្រើនដងតែមិនមានអ្នកទទួលទូរស័ព្ទរបស់ក្រុមអ្នកសារព័ត៌មានឡើយ បន្ទាប់មកទៀតក៏បានទាក់ទងទៅលោក ប្រាក់ ប៊ុនណុន ស្នងការរងផ្នែកព្រហ្មទណ្ឌពេលនោះលោកក៏បានឆ្លើយថានឹងដឹកនាំកម្លាំងចុះទៅបង្ក្រាបតែរហូតដល់ពេលនេះនៅមិនទាន់មានការបង្ក្រាបនៅឡើយ។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជាពិសេសលោកអធិការស្រុកអូររាំងឪនឹងលោកស្នងការខេត្តត្បូងឃ្មុំសូមមានវិធានការបង្ក្រាបទីតាំងល្បែងជល់មាន់មួយនេះផងព្រោះពួកគាត់មានការព្រួយបារម្មណ៍ពីសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ដោយពួកគាត់គិតថាទីតាំងណាដែលមានល្បែងស៊ីសងមិនយូរទេនិងអាចកើតមានអំពើរហឹង្សានឹងចោរកម្មផ្សេងៗជាក់ជាមិនខាន៕