រថយន្តដឹកកម្មកររោងចក្របើកលឿនគេចគោយន្តកន្ត្រៃបុកចូលតូបលក់អីវ៉ាន់បណ្តាលឱ្យរបួសធ្ងន់-ស្រាលជិត២០នាក់

(ខេត្តកំពង់ស្ពឺ)៖ មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ធ្ងរ និង១៣នាក់ផ្សេងទៀតបានរងរបួសស្រាល ដោយសារតែតៃកុងរថយន្តដឹកកម្មករ កម្មារិនីរោងចក្របើកលឿនគេចគោយន្តកន្ត្រៃជ្រុលទៅបុកចូលតូបលក់អីវ៉ាន់អមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង ០៦:២០នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៤ (ផ្លូវចូលវត្តដំណាក់ត្រាច) ស្ថិតនៅក្នុងភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្មករ កម្មារិនីរោងចក្របានជិះលើរថយន្តមានចំនួន៤០នាក់ ស្រី២៨នាក់ ក្នុងនោះគ្រោះថ្នាក់សរុបចំនួន១៧នាក់ ប្រុសចំនួន០៥នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន០៣នាក់រួមមាន តៃកុងរថយន្ត ០១នាក់ អាជីវករលក់ដូរ ០១នាក់ និងកម្មការនី ០១នាក់ ទាំង០៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណទេ (កម្មការិនីរងរបួសបាក់ដៃ) ក្រោយពិនិត្យព្យាបាលនៅគ្លីនិកឯកជនរួចបានសម្រេចចិត្តទៅសម្រាកព្យាបាលនៅភូមិព្រៃច្រេសជាមួយគ្រូខ្មែរវិញ ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្តដឹកកម្មករ កម្មារិនី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខសៀមរាប 3A.1936 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយទេ។ ហេតុដែលនាំឱ្យក្រឡាប់រថយន្តនេះដោយសារតែតៃកុងរថយន្តបើកបរគេចគោយន្តកន្ត្រៃ(កែច្នៃ) រេចង្កូតបណ្តាលឱ្យក្រឡាប់ និងជ្រុលទៅបុកចូលតូបលក់ដូររបស់ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវតែម្តង។

លោកប្រធានមន្ទីរដដែលបានបញ្ជាក់ទៀតថា ចំពោះអ្នករងរបួសជិត២០នាក់ទាំងធ្ងន់ទាំងស្រាលគឺសម្រាកនៅតាមគ្លីនិកឯកជននៅឡើយ និងសម្រាកនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងចំនួន០២នាក់ រងរបួសធ្ងន់ធ្ងរ និងម្នាក់ជាតៃកុងរថយន្តកំពុងសម្រាកព្យាបាល ហើយម្នាក់ទៀតជាអាជីវករលក់ដូរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)បន្តទៀត។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ជនរគ្រោះនៅគ្លីនិកឯកជនទាំងអស់បានទៅផ្ទះអស់ហើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare