បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ស្រែមានលាភដោយមិនដឹងមូលហេតុ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ សង្ស័យឡើងឋានសួគ៌ហើយត្រូវស្លាប់លើបង្គង

(ខេត្តព្រៃវែង)៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានធ្វើឱ្យជ្រួលច្របល់ពេញផ្ទះសំណាក់ស្រែមានលាភបន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ចូលទៅក្នុងបន្ទប់ប្រទះឃើញបុរសម្នាក់ដេកស្លាប់ដោយមិនដឹងពីមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៤:៤៥នាទីល្ងាច ថ្ងៃទី០៨ ខែតុលា នៅក្នុងបន្ទប់លេខ ០៣ ផ្ទះសំណាក់ស្រែមានលាភដែលស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ សាំងស៊ីន ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ១១:១២នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ជនរងគ្រោះបានចូលមកជួលបន្ទប់ដេក នៅផ្ទះសំណាក់ខាងលើក្នុងបន្ទប់លេខ ០៣ ហើយមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណបានចូលទៅក្នុងបន្ទប់នោះដែរហើយប្រមាណជា ២០នាទីក្រោយមក ស្ត្រីរូបនោះក៏ចាកចេញទៅវិញបាត់។

ប្រភពដដែលនេះបានបញ្ជាក់ថា រហូតដល់ម៉ោង ០៤:៤៥ នាទីល្ងាច ដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់សោះ បុគ្គលិកផ្ទះសំណាក់ម្នាក់ឈ្មោះ សេង សុខនី ភេទស្រី អាយុ ៥០ឆ្នាំ បានចូលទៅគោះទ្វារ ឃើញទ្វារបើកមិនចាក់គន្លឹះក៏ចូលទៅមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយទើបមានការផ្អើលឆោឡោឡើងតែម្ដង។

ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចស្រុកពារាំងបានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុ ហើយរហូតដល់ព្រឹកថ្ងៃទី០៩ ខែតុលា ទើបព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង ដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យ និងបានប្រគល់សពទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យក្រោយពីធ្វើកោសល្យវិច្ច័យរួច។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវខាងលើនេះ ខាងសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា មិនបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលថតយករូបភាពនៅក្នុងកន្លែងកើតហេតុទេហើយក៏មិនបានផ្ដល់ព័ត៌មានអ្វីដល់អ្នកព័ត៌មានដែរដូច្នេះហើយទើបគេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះប៉ុន្តែតាមការសង្ស័យគឺអាចជាករណីនាំស្រីស្នេហ៍មកឡើងឋានសួគ៌ ហើយត្រូវស្លាប់លើបង្គង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare